ក្រុមគ្រួសារតំណាងឲ្យលោក GUO XIAOYU ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ បន្ទាប់ពីបានជួយឲ្យកូនរបស់ខ្លួនវិលត្រឡប់ទៅដល់ប្រទេសចិនវិញដោយសុវត្ថិភាព។
ក្នុងលិខិតថ្លែងអំណរគុណបកប្រែក្រៅផ្លូវការ ផ្សព្វផ្សាយដោយអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា “លោក GUO XIAOYU ជនជាតិចិន (លិខិតឆ្លងដែនលេខ៖ EQ7101960) បានមកដល់ប្រទេស កម្ពុជាកាលពីចុងខែមីនា។ ដោយហេតុក្រុមគ្រួសារយើងខ្ញុំមិនអាចទាក់ទងគាត់បានអស់រយៈពេលជាច្រើនថ្ងៃ ក្នុងនាមជាឪពុកម្តាយ មានការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់ជាខ្លាំង យើងខ្ញុំគ្មានជម្រើសអ្វីក្រៅពីប្ដឹងប៉ូលិសនោះទេ ដោយគួបផ្សំនឹងកត្តាភាសាជាឧបសគ្គ រួមនិងកត្តាផ្សេងៗទៀត ការយល់ច្រលំជាច្រើនបានកើតឡើង បង្កជាបញ្ហាស្មុកស្មាញ ដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នគរបាល និងបុគ្គលិកជាច្រើននាក់។ យើងខ្ញុំជាក្រុមគ្រួសារតំណាងឲ្យ លោក GUO XIAOYU សូមសម្តែងនូវការ អធ្យាស្រ័យ ដោយស្មោះ អស់ពីចិត្ត”។
លិខិតដដែលបានបញ្ជាក់ថា៖ “បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលពីរខែ លោក GUO XIAOYU បានវិលត្រឡប់មកប្រទេស ចិនវិញដោយសុវត្ថិភាព។ ឆ្លៀតក្នុងឱកាសនេះ ក្រុមគ្រួសារយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ ចំពោះក្រុមការងាររបស់ សម្ដេចក្រឡាហោម ស ខេង ថ្នាក់ដឹកនាំ នគលបាល និងបុគ្គលិកជាច្រើននាក់ទៀត ដែលបានលះបង់ការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ចំពោះកិច្ចការមួយនេះ ។ ក្នុងរយៈពេលជិតកន្លះឆ្នាំ មកនេះ ទោះបីជាមានបញ្ហាកើតឡើងនេះក៏ពិតមែន ប៉ុន្តែយើងខ្ញុំក៏មានឱកាសបានឃើញ អំពីភាពរួសរាយ រាក់ទាក់ ភាពចេះយកអាសាគ្នាក្នុងគ្រាលំបាក់របស់ប្រជាជនកម្ពុជាផងដែរ”។
សំណេរពីក្រុមគ្រួសារជនជាតិចិនដដែល សង្ឃឹមថាក្នុងរយៈដ៏ខ្លីខាងមុខ ពួកគេនឹងអាចវិលត្រឡប់មកប្រទេសដ៏ស្រស់ស្អាតមួយនេះម្ដងទៀតក្នុងនាមជា ភ្ញៀវទេសចរណ៍ ដើម្បីរួម ចំណែកជំរុញមិត្តភាពនិងវិបុលភាពនៃទំនាក់ទំនងចិនកម្ពុជា៕
អត្ថបទ៖ អក្ខរា