រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានបង្ហាញតម្លៃស្រូវនៅបាត់ដំបងជាក់ស្តែង ធៀបនឹងចលនាបំផ្លៃលើបណ្ដាញសង្គម។
តាមរយៈផេកហ្វេសប៊ុកនៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ ឯកឧត្តម ឌិត ទីណា បានអះអាងថា “ស្រូវបានឡើងថ្លៃខ្ពស់ ហើយក៏បានចុះមកវិញតែនៅតែជាតម្លៃខ្ពស់សម្រាប់ស្រូវស្រង៉ែ សមរម្យជូនកសិករមានប្រាក់ចំណេញ”។ ឯកឧត្តរដ្ឋមន្ត្រីបន្តថា៖ ទៅមុខ ស្រូវពូជសែនក្រអូបនិងផ្ការំដួលរបស់ខ្មែរយើងនឹងទទួលការគាំទ្រខ្ពស់ពៅគោលនយោបាយពូជសុទ្ធ។
តាមការផ្សព្វផ្សាយលើបណ្តាញសង្គមឲ្យដឹងថា ប្រជាកសិករនៅខេត្តបាត់ដំបងប្រឈមការខាតបង់ដោយសារស្រូវដែលកំពុងប្រមូលផលធ្លាក់ថ្លៃជាបន្តបន្ទាប់ ខណៈថ្លៃដើមសម្រាប់ធ្វើកសិកម្មឡើងខ្ពស់។
យ៉ាងណាមិញ សម្រាប់ក្រសួងកសិកម្ម អះអាងថា ការធ្លាក់ថ្លៃនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ក៏ស្រូវនៅតែស្ថិតនៅក្នុងតម្លៃល្អបើប្រៀបធៀបជាមួយឆ្នាំ២០២២។ ប្រភពពីគណនីហ្វេសប៊ុកមួយឈ្មោះ Muny Khy បានឲ្យដឹងនៅថ្ងៃទី៩ ខែកញ្ញាថា តម្លៃស្រូវនៅឃុំកំពង់ព្រៀង ស្រុកសង្កែខេត្ដបាត់ដំបងទោះមេឃមិនសូវអំណោយផល តែតម្លៃស្រូវសើមនៅវាលបានថ្លៃ 1160៛/kg បន្ទាប់មកបានដេញឡើងដល់1170៛/kg តម្លៃម៉ោង ៩ព្រឹក ដល់ម៉ោង ១ថ្ងៃត្រងថ្ងៃមិញនេះ៕
អត្ថបទ៖ អក្ខរា