សម្តេចធិបតីនាយករដ្ឋមន្ត្រី ណែនាំគ្រប់ស្ថាប័នរដ្ឋទាំងអស់ ត្រូវវាយតម្លៃបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗឲ្យហ្មត់ចត់មុននឹងតែងតាំង

សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានណែនាំដល់ថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ត្រូវមានការត្រួតពិនិត្យ និងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ។

ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយពីសម្តេចបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ឲ្យឡើងធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ សម្តេចនាយករដ្ឋមន្រ្តី បានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យស្រាវជ្រាវជាមួយលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម៕

អត្ថបទ៖ អក្ខរា