ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ានភ្លាម សម្តេច ហ៊ុន ម៉ាណែត ចុះជួបកម្មករភ្លែត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃស្អែកទី៩ ខែកញ្ញានេះ បន្តបេសកកម្មចុះសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ។ ជំនួបនេះ គឺធ្វើឡើងភ្លាមៗក្រោយការវិលត្រឡប់ពីចួលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅប្រទេសឥណ្ឌូនេស៊ីកាលពីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។ ជំនួបដែលធ្វើឡើងលើកទី៣នេះ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤ គីឡូម៉ែត្រ ៣១-៣២ ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជំនួបនេះ ជាលើកទីបីក្នុងបេសកកម្មជួបកម្មកររបស់សម្តេចធិបតី ហ៊ុន ម៉ាណែតដែលបន្តចុះសួរសុខទុក្ខកម្មករដោយលើកទី១ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែសីហា នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករនិយោជិតចូលរួមចំនួន ១៨,០១៣នាក់ លើកទី២ ធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិតចូលរួម ១៨,២៨៩នាក់។

សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញការងារអាទិភាពចំនួន៦ ជូនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងឆ្នាំ២០២៣នេះដែលរួមមាន ទី១៖ ខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈវិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ឱ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

ទី២៖ រៀបចំលិខិតបទដ្ឋានគតិយុត្តិជាបន្ទាន់ ដើម្បីត្រៀមដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ដើម្បីជួយសម្រាលបន្ទុក ចំណាយផ្នែកថែទាំសុខភាពរបស់កម្មករនិយោជិត និងក្រុមគ្រួសារឱ្យបានលឿន និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់កម្មករនិយោជិត ព្រមទាំងបង្កើតយន្តការងាយស្រួលសម្រាប់កម្មករនិយោជិតអាចចូលរួមជាមួយនឹងកម្មវិធីនេះ។

ទី៣៖ រៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥លាននាក់ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព ការងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅវេនពេលយប់ ឬចុងសប្ដាហ៍។

ទី៤៖ ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងឱ្យបានពេញលេញស្របតាមច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលកម្មវិធីហាត់ការ កម្មសិក្សា កម្មវិធីបង្កើនជំនាញ និងការរៀបចំជំនាញឡើងវិញ ដោយលើកទឹកចិត្តវិស័យឯកជនចូលរួមអនុវត្តកាតព្វកិច្ចក្នុងការបណ្តុះបណ្តាលកម្មករ និយោជិត និងផ្ដល់ការបណ្តុះបណ្តាលបន្ថែមដល់កម្មករនិយោជិតដែលកំពុងធ្វើការ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ បង្កើនផលិតភាព និងលទ្ធភាពនៃការបង្កើនប្រាក់ឈ្នួល។

ទី៥៖ យកចិត្តទុកដាក់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងកាន់តែមានភាពងាយស្រួល។ ហើយក៏ត្រូវធានាផងដែរថា ស្ត្រីមានផ្ទៃពោះ និងជនមានពិការភាពបានចេញធ្វើការមុន ១៥នាទី។

និងទី៦៖ បង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ ចាប់ពីឆ្នាំ២០២៤នេះតទៅ។

បន្ថែមពីនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំផែនការសកម្មភាពក្នុងរយៈពេលពីរឆ្នាំខាងមុខ ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយកចិត្តទុកដាក់អនុវត្តន៍លើការងារអាទិភាពចំនួន៤ទៀតរួមមាន៖ ទី១៖ សហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា។

ទី២៖ សហការជាមួយភាគីពាក់ព័ន្ធជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រ ដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវឱ្យមានការរៀបចំកន្លែងហូបបាយ ឬអាហារដ្ឋានសម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី។

ទី៣៖ សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរជាបណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និង ផាសុកភាពជាងមុនត្រឹមឆ្នាំ២០២៧។

និងទី៤៖ ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់កម្មករនិយោជិត ទាំងក្នុង និងក្រៅប្រទេសអាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញរបស់ខ្លួន៕