អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ជោគជ័យនៃបេសកកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងរយៈពេល៤ថ្ងៃ នៃបេសកកម្មនេះ ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចំនួន១៣កិច្ចប្រជុំ អញ្ជើញថ្លែងសុន្ទរកថាចំនួន១២លើក និងអញ្ជើញ ជួបពិភាក្សាទ្វេភាគី ត្រីភាគី និងជំនួបក្រៅផ្លូវការជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូល នៃស្ថាប័ន តំបន់ និងអន្តរជាតិជាច្រើនទៀត។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ក្នុងដំណើរបំពេញបេសកកម្មក្រៅប្រទេសជាលើកដំបូងនេះ សម្ដេចមហាបវរធិបតី និងគណៈ ប្រតិភូជាន់ខ្ពស់កម្ពុជា សម្រេចបានជោគជ័យយ៉ាងធំធេងសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់រាជធានីភ្នំពេញវិញហើយ នាវេលាយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន៕
អត្ថបទ៖ អក្ខរា