ចាប់ពីយប់នេះតទៅ គឺនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ២ទាបភ្លឺ ក្រុមក្មេងទំនើងដែលមិនចេះសំរាន្តយប់ និងត្រូវប្រមូលយកមកទុកឲ្យសំរាកនៅអធិការដ្ឋាន ពេលព្រឹកឡើងបានឲ្យឪពុកម្តាយធានាយកទៅលំនៅដ្ឋានវិញ។ វិធានការនេះនឹងអនុវត្តទាំង ០៩ ក្រុងស្រុក។ នេះបើតាមការប្រកាសរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត។
វិធានការនេះ បន្ទាប់ពីក្រុមក្មេងទំនើងតែងតែបង្កភាពអណាធិបតេយ្យ បង្កការរំខាន និងសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងខេត្តទេសចរណ៍មួយនេះ។ កន្លងទៅ ក្រុមក្មេងទំនើងដែលបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ត្រូវស្នងការនគរបាលខេត្តកំពតប្រមូលជាបន្តបន្ទាប់ ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់។
ទោះជាមានករណីបង្ក្រាប ចាប់ឃាត់ខ្លួន ធ្វើការអប់រំយ៉ាងណាក៏ដោយ ក៏ក្រុមក្មេងទំនើងទាំងនោះនៅតែបន្តសកម្មភាពផ្គើន ធ្វើឲ្យបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ ប្រែក្លាយពីទំពាំងស្នងឬស្សី ទៅជាទំពាំងស្អុយ ហើយធ្វើឲ្យ ឪពុកម្ដាយ អាណាព្យាបាលខ្វល់ចិត្ត និងខ្មាស់គេក៏ដោយសារកូនដែលមិនគិតពីអនាគតបែបនេះ។
ទន្ទឹមនឹងវិធានការបង្ក្រាបជាបន្តបន្ទាប់ និងវិធានការចុងក្រោយនេះ ត្រូវបានមជ្ឈដ្ឋានទូទៅគាំទ្រពេញទំហឹងដល់ស្នងការខេត្តកំពត ដើម្បីឈានលុបបំបាត់ភាពអាណាធិបតេយ្យពីសំណាក់ក្រុមក្មេងទំនើង ដើម្បីឲ្យភូមិឃុំមានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានភាពកក់ក្តៅដល់ប្រជាពលរដ្ឋ៕
អត្ថបទ៖ អក្ខរា