ដោយមានការចាប់អារម្មណ៍ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញការផ្ទេរកម្មសិទ្ធិពីឳពុកម្ដាយឱ្យកូន ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលខេត្តសៀមរាប នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នោះ ក្នុងនាមជំនួយការ និងជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ច្បាស់ៗបន្ថែម ជាអាទិ៍៖
១. ឯកឧត្ដមអភិសន្តិបណ្ឌិត លោកចង់បញ្ជាក់ជូនថា គោលការណ៍ផ្ទេរកម្មសិទ្ធិអចលនវត្ថុ(ដី ផ្ទះ…) គឺនៅតែបន្តអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលមុន ក្រោមម្លប់សម្ដេចតេជោ ជាប្រមុខ។
២. ដោយសារការវិវត្តបច្ចេកវិទ្យា និងដើម្បីធ្វើឱ្យកាន់តែសម្រេចបាននូវគោលនយោបាយរបស់សម្ដេចតេជោបានកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស រាជរដ្ឋាភិបាលថ្មី នឹងរៀបចំនីតិវិធីធ្វើតាមប្រព័ន្ធបច្ចេកវិទ្យា ដែលចំណាយពេលរង្វង់៥នាទីជាការស្រេច។ នេះជាការប្រកាន់យកគោលនយោបាយចាស់សកម្មភាពថ្មីដែលបានដាក់ចេញដោយ សម្ដេចតេជោ។ បើតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលមាន ឯកឧត្ដម សាយ សំអាល់ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី បានឯកភាពលើកិច្ចការនេះហើយ។ ចំពោះបែបបទបែបណា ក្រសួងជំនាញពាក់ព័ន្ធនឹងចេញគោលការណ៍ជាក្រោយ។
៣. ក្នុងប្រសាសន៍នោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ការផ្ទេរនេះពុំគិតថវិកាឬមិនអស់លុយអស់កាក់ គឺលោកចង់សំដៅថានឹងនៅតែអនុវត្តតាមគោលនយោបាយរបស់សម្ដេចតេជោ ដែលលើកលែង ឬមិនគិតពន្ធចំពោះការផ្ទេរកម្មសិទ្ធិក្នុងរង្វង់សាច់ញាតិ ពោលគឺពីឪពុកម្ដាយទៅកូនជាដើម។ ដោយឡែកចំពោះថ្លៃសេវារដ្ឋបាលនានា គឺជាការកំណត់ ឬអាស្រ័យលើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសមត្ថកិច្ចរៀបចំជាឧត្ដមប្រយោជន៍ជូនប្រជាពលរដ្ឋ៕