សហជីពអំពាវនាវឲ្យកម្មករត្រៀមខ្លួនចូលរៀនជំនាញដើម្បីទទួលបានប្រាក់កម្រៃខ្ពស់

ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពកម្មករនិយោជិតតាមរយៈកម្មវិធីបណ្តុះបណ្តាលរបស់រដ្ឋាភិបាល ក្រុមសហជីពអំពាវនាវឲ្យកម្មកររៀនជំនាញបន្ថែមដើម្បីជាទុនក្នុងការចាប់យកឱកាសការងារទទួលបានប្រាក់កម្រៃខ្ពស់ក្នុងបរិបទទីផ្សារកាងារថ្មីៗនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី្ត ផ្តល់អនុសាសន៍ដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ចំនួនប្រមាណ ១,៥លាននាក់ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិត អាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅវេនពេលយប់ ឬចុងសប្តាហ៍។

ទន្ទឹមនឹងនេះ លោក ឈិន សូនី ប្រធានសហព័ន្ឋសហជីពការងារសេវាកម្មកម្ពុជា មានប្រសាសន៍ថា វាជាឱកាសល្អនេះដែលរាជរដ្ឋាភិបាលបានបង្កើតគោលនយោបាយបណ្តុះបណ្តាលបណ្តាលនេះ។ 

លោកមានប្រសាសន៍ថា ៖ « យើងខ្ញុំដែលជាសហជីពនៅស្និតជាមួយបងប្អូនកម្មករ នឹងចូលរួមជាមួយសាលា និងក្រសួងការងារ គឺសហការ ទី១ យើងផ្សព្វផ្សាយពីផលប្រយោជន៍ពីការរៀនជំនាញ និង ពន្យល់ពីផលចំណេញពីការរៀននិងឲ្យគាត់ចូលរួមដើម្បីឲ្យទៅថ្ងៃអនាគតទៅប្រទេសកម្ពុជាមានកម្មករជំនាញ »។

សម្រាប់លោកស្រី សៀ គន្ឋា ប្រធានសហជីពការងារស្រ្តីកម្ពុជា មានប្រសាសន៍ផងដែរថា កម្មករត្រូវយល់អ្វីដែលជារឿងថ្មី សម្រាប់ចំណេះដឹង បច្ចេកទេសវិជ្ជាជីវៈផ្សេងៗ គួរតែចាប់ឱកាស។

លោកស្រីមានប្រសាសន៍ថា ៖ « ព្រោះយើងអាចទទួលនូវភាពជោគជ័យ ទាល់តែយើងចេះចាប់ឱកាស  សាលា និង គ្រូ មានហើយចឹងមានតែបងប្អូនត្រូវចេះផ្លាស់ប្តូរគំនិត និង ព្យាយាម ស្វែងរកចំណេះដឹងថ្មីៗដើម្បីអភិវឌ្ឍន៍មុខរបររបស់យើងឲ្យបានរីកចំរើនដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ»។ 

លោកស្រីមានប្រសាសន៍បន្ថែមថា នៅពេលកម្មករមានជំនាញវិជ្ជាជីៈច្បាស់លាស់ ពួកគេនឹងអាចនូវទទួលបានចំណូលល្អប្រសើរសម្រាប់ការផ្គត់ផ្គង់ជីវភាពគ្រួសារ ព្រោះការមានជំនាញច្បាស់លាស់នេះ គឺជាទន់មួយនៅពេលពួកគេជូបហានិភ័យក៏គាត់មានចំណេះជំនាញអាចរកចំណូលផ្គត់ផ្គង់បានផងដែរ។ 

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករមានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលរៀបចំជួយផ្សព្វផ្សាយដល់បងប្អូនកម្មករដើម្បីឲ្យពួកគេមានចំណាប់អារម្មណ៍ ហើយចូលរៀនឲ្យបានគ្រប់ៗគ្នាដើម្បីយកចំណេះដឹងបម្រើដល់សង្គមជាតិ។

លោកមានប្រសាសន៍បន្ថែមថា ការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈនេះ នឹងធ្វើឱ្យកម្មករមានចំណេះការងារពិតប្រាកដសម្រាប់ការបើកអាជីវកម្មថែមទៀតផងប្រសិនបើសិក្សាលើជំនាញមួយចំនួនដូចជាជួសជុល ម៉ូតូ ឡាន ឬជំនាញផ្សេងៗទៀតដែលអាចរកចំណូលបានខ្លួនឯង។ 

លោកមានប្រសាសន៍បន្ថែមថា ៖ « សព្វថ្ងៃបើនិយាយពីវិស័យកាត់ដេរ ខ្ញុំមើលឃើញថា ភាគច្រើនអ្នកគ្រប់គ្រងជាជនបរទេស ប្រាក់ខែច្រើន គុណនឹងមួយ គុណនឹងពីរ គុណនឹងបី តែប្រសិនបើជាយើងចេះជំនាញច្បាស់លាស់យើងនឹងប្រាក់ចំណូលខ្ពស់ដូចពួកគេ»។ 

សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសលើយុវជនប្រមាណ១.៥នាក់ដែលរួមមានទាំងកម្មករនេះ គឺជាចំណុចមួយក្នុងចំណោមអនុសាសន៍ចំនួន៥ផ្សេងទៀតដែលរដ្ឋាភិបាលបានដាក់ចេញដើម្បីធ្វើឱ្យប្រសើរឡើងនៃវិស័យកាត់ដេរជាពិសេសភាពប្រសើរឡើងនៃលក្ខខណ្ឌការងាររបស់កម្មករនិងការបង្កើនលទ្ធភាពការងារក្នុងគោលដៅធ្វើឱ្យប្រសើរឡើងជាលំដាប់នូវជីវភាពរបស់ប្រជាពលរដ្ឋដែលមកពីគ្រួសារងាយរងគ្រោះដែលក្នុងនោះមានកម្មករផងដែរ៕