នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីចិន ចង់បង្កើត និងបង្កើនឧត្តមប្រយោជន៍បន្ថែមទៀត សម្រាប់ប្រជាជាតិទាំងពីរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៤៥ នាទីរសៀល, នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

ឯកឧត្តម លី ឈាង បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្ដៅចំពោះ សម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និងបានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង និងរូបឯកឧត្តមផ្ទាល់ជូនចំពោះសម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ ជាមួយនឹងការថ្លែងអំណរគុណចំពោះការអបអរសាទរ, សម្តេចធិបតី ក៏សូមពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និង នឹករលឹកពីសំណាក់សម្ដេចតេជោ ជូនចំពោះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងប្រជាជនចិន ដែលជាមិត្តល្អរបស់ប្រជាជន និងប្រទេសកម្ពុជា។

ថ្នាក់ដឹកនាំទាំងពីរក៏បានគូសបញ្ជាក់ពីគោលបំណងចង់បង្កើត និងបង្កើនឧត្តមប្រយោជន៍បន្ថែមទៀត សម្រាប់ប្រជាជាតិទាំងពីរ តាមរយៈយន្តការនៃការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ រវាងគ្នា ដោយឈរលើចំណងមិត្តភាពដ៏រឹងមាំ និងស្អិតរមួត។ ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីររំពឹងថា នឹងបន្តកិច្ចពិភាក្សាជាមួយគ្នាបន្ថែមទៀត នៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីទៅកាន់ប្រទេសចិននាពេលខាងមុខដ៏ខ្លីនេះ៕