យោងតាមព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក ម៉ោង៧ព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្តាស្ថានីយជលសាស្រ្ត ឃើញថា គ្រប់ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកនិងឡើងបន្តិចបន្តួច។
ដោយឡែក យោងតាមសេចក្តីរាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា កម្ពស់ទឹកនៅទំនប់វារីអគ្គិសនីសេសានក្រោម២ មានកម្ពស់ ៧៥,២៦ម៉ែត្រ ធៀបនឹងនីវូទឹកសមុទ្រដែលបង្ហាញឱ្យឃើញថា ហាក់បីដូចជាខ្ពស់បន្តិចមែន ប៉ុន្តែពុំបានបង្កឱ្យបរិមាណទឹកនៅទន្លេសេសានផ្នែកខាងក្រោមជួបនូវបញ្ហាខុសធម្មតាឡើយ។
គិតមកត្រឹមថ្ងៃទី៥ ខែកញ្ញានេះ នៅតាមស្ថានីយជលសាស្រ្តរបស់មន្ទីរខេត្តស្ទឹងត្រែង កម្ពស់ទឹកនៅទន្លេសេសានមានត្រឹមតែ ៤,៧ម៉ែត្រ(កម្ពស់ពីបាតទន្លេ) បើធៀបទៅនឹងឆ្នាំ២០២២ ឃើញថា មានកម្ពស់ទឹកនៅទាបជាងនៅឡើយ។ ម្យ៉ាងវិញទៀត បើតាមលោកប្រធានមន្ទីរ កម្ពស់ទឹកដែលត្រូវប្រុងប្រយ័ត្នលុះណាតែបរិមាណទឹកនៅក្នុងទន្លេសេសានឡើងដល់កម្រិត ១០,៥ម៉ែត្រ និងកម្ពស់ប្រកាសអាសន្ន ១១,៥ម៉ែត្រ។
មន្ទីរបានបញ្ជាក់ថា ទាំងបរិមាណទឹកនៅទំនប់វារីអគ្គិសនីសេសានក្រោម២ និងទឹកផ្នែកខាងក្រោមទន្លេសេសាន ពុំទាន់មានបញ្ហាដែលកត់សម្គាល់បង្កផលប៉ះពាល់ដល់ ផលដំណាំ និងផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋនៅឡើយនោះទេ៕
អត្ថបទ៖ អក្ខរា