ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឲ្យមន្ទីរបរិស្ថានចាប់ផ្តើម យុទ្ធនាការផ្សព្វផ្សាយជំរុញឲ្យមាន ការចូលរួមកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក នៅតាមសាលារៀន ដើម្បីធ្វើកម្ពុជាអាចកាត់បន្ថយ សំណល់សំរាម ប្លាស្ទិក សម្រាប់ការអភិវឌ្ឍដោយចីរភាព។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យមន្ទីរបរិស្ថានខេត្តកោះកុង ចាប់ផ្តើមធ្វើការផ្សព្វផ្សាយ ជាពិសេសជាមួយគ្រូបង្រៀន និងសិស្សានុសិស្ស នៅតាមសាលារៀន ដោយផ្តើមពីសាលារៀនទាំងអស់ នៅក្នុងមូលដ្ឋាននៃស្រុក ឬក្រុងណាមួយ ឲ្យមានការប្តេជ្ញាចិត្តចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ប្លាស្ទិកទេ»។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការរួមចំណែក របស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ទាំងអស់ កាត់បន្ថយ និងឈប់ប្រើប្រាស់ប្លាស្ទិក ពី១ថ្ងៃឬ២ថ្ងៃ ក្នុង១សប្តាហ៍ នោះកម្ពុជាបានចូលរួមការពារ និងថែរក្សាអនាម័យបរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានរាប់លានថង់។ ជាមួយគ្នានេះយុទ្ធនាការ នឹងចូលរួមគាំពារសុខុមាលភាពប្រជាពលរដ្ឋ គុណភាពបរិស្ថាន សោភ័ណភាពទីក្រុង និងភូមិឋាន ឲ្យល្អស្រស់បំព្រងជានិច្ច និងធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍដោយចីរភាព។
ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា «យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក» បានឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា របស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ជាមួយប្រជាជាតិលើសកលលោក និងបានរៀបចំឡើងស្របតាម អនុក្រឹត្យរបស់ រាជរដ្ឋាភិបាលលេខ១៦៨ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក និងបទដ្ឋានគតិយុត្តនានា របស់រាជរដ្ឋាភិបាល និងជាពិសេសចូលរួមចំណែក អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ- ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលបានដាក់ចេញ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈការកសាងភាពធន់រឹងមាំ នៃវិស័យទាំង៥ ពោលគឺ៖ ភាពធន់នៃវិស័យសាធារណៈ, ភាពធន់នៃវិស័យសេដ្ឋកិច្ច, ភាពធន់នៃវិស័យហិរញ្ញវត្ថុ, ភាពធននៃមូលធនមនុស្សនិង សង្គម, និងភាពធន់នៃវិស័យបរិស្ថាន និងក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា ប្លាស្ទិកបានក្លាយជាបញ្ហារបស់មនុស្សលោក។ កម្ពុជាក៏ប្រឈមនឹងការប្រើប្រាស់ប្លាស្ទិក ដែលត្រូវរួមគ្នាដោះស្រាយ។ ការសិក្សារបស់មន្រ្តីជំនាញក្រសួងបរិស្ថាន បានឲ្យដឹងថា សម្រាប់រាជធានីភ្នំពេញ និងក្រុងធំៗ ការប្រើប្រាស់ថង់ប្លាស្ទិកជាមធ្យម៥ ក្នុងម្នាក់។ សម្រាប់ទីប្រជុំជននិងក្រុងតូច និងនៅតាមស្រុកជាមធ្យមចំនួន៣ក្នុងម្នាក់។ នៅក្នុងរាជធានីភ្នំពេញ សំរាមដែលបានបញ្ចេញទៅចាក់លើទីលាន ក្នុង១ថ្ងៃ មានចំនួន៣៥០០តោន ក្នុងនោះមានសំណល់ប្លាស្ទិកប្រមាណ២០ភាគរយ។
យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានដាក់ចេញដោយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយសិស្សានុសិស្ស នៅតាមសាលារៀន ចាប់ផ្តើមដំបូងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ចេញពីសាលារៀន ទាំង៤៤ កន្លែង ដែលមានសិស្សសរុបជាង ១៨០០០នាក់ នៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងសំខាន់“ដើម្បីភាពល្អបរិសុទ្ធបរិស្ថានយើង”៕