ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣បានអនុញ្ញាតជូន ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានជម្រាបជូន ឯកអគ្គរាជទូតជប៉ុនថា ចាប់តាំងពីទទួលបាននូវការតែងតាំងជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នេះជាជំនួបលើកទី១ ហើយរវាង ឯកឧត្តមអភិសន្តិបណ្ឌិត ជាមួយ ឯកអគ្គរាជទូតបរទេស។
ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា កន្លងមក សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដល់ការគាំទ្រជាច្រើន ជាពិសេសនៅក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ជប៉ុន-កម្ពុជា។ ឯកឧត្តម សង្ឃឹមថា ការលើកកម្ពស់ទំនាក់ទំនងជិតស្និតនឹងនូវតែបន្តជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងអាណត្តិបន្ដនេះផងដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបជូនឯកអគ្គរាជទូតជប៉ុនថា ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន បានបន្ដវិវត្តន៍យ៉ាងល្អប្រសើរឥតឈប់ឈរ ជាពិសេសក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ហើយពិសេសទៀតនោះ គឺនៅក្នុងឆ្នាំនេះ គឺជាខួបទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយក៏ជាពេលវេលាប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រហូតក្លាយជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏សូមអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមគាំទ្រដល់កិច្ចការផ្សេងៗទៀត តួយ៉ាង ការងាររៀបចំការបោះឆ្នោត ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស នៅព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បានជម្រាបជូន ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន នូវការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសកិច្ចការសំខាន់ដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ដោយកិច្ចការងារនោះរួមមាន៖ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការពង្រឹងនូវសុវត្ថិភាពចរាចរណ៍ ការទប់ស្កាត់នូវអំពើចោរកម្ម និងអំពើល្មើសផ្សេងៗ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ក៏ដូចជាការខិតខំពង្រឹងការគ្រប់គ្រងសុវត្ថិភាព និងការពារតាមព្រំដែនផងដែរ។
ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានជម្រាបជូន ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ថា រាជរដ្ឋាភិបាលជប៉ុន ក៏បានផ្តោតការយកចិត្តទុកដាក់ចំពោះយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាផ្សារភ្ជាប់អ្វីដែលជាការគាំទ្រពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុន មកលើយុទ្ធសាស្ត្រ និងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បន្តថា កិច្ចការដែលក្រសួងមហាផ្ទៃបានផ្តោតក៏ស្របទៅនឹងកិច្ចការសមត្ថកិច្ចរបស់នគរបាលជប៉ុន ដែលកិច្ចការនេះ នឹងចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ។
សូមជម្រាបជូនដែរថា នៅក្នុងជំនួបនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានពិភាក្សា ព្រមទាំងផ្លាស់ប្តូរយោបល់លើកិច្ចការងារមួយចំនួនទៀតរួមមាន៖ ការបណ្តុះបណ្តាលធនធានមនុស្ស នៃព្រះរាជាណាចក្រកម្ពុជា ការលើកម្ពស់ការផ្តល់សេវាក្នុងពន្ធនាគារ និងការជំរុញការអភិវឌ្ឍទីក្រុងឆ្លាតវៃស្របតាមបរិបទ នៃការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល៕