ប្រធានសម្ព័ន្ឋសហជីពជាតិ លោក ហ្វា សាលី គាំទ្រអនុសាសន៍លោកនាយករដ្ឋមន្រ្តីលើការពន្លឿនប្រាក់ឈ្នួលនិងការកែសម្រួលមធ្យោបាយធ្វើដំណើររបស់កម្មករនិយោជិត។
ការគាំទ្រនេះធ្វើឡើងក្រោយពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈវិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាឱ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
លោក ហ្វា សាលី មានប្រសាសន៍ថា លោកមានទឹកចិត្តសប្បាយរីករាយចំពោះការពន្លឿនការងារប្រជុំតម្លើងប្រាក់ឈ្នួលដល់កម្មករនិយោជិតនេះ ព្រោះវាគឺសារវិជ្ជមានមួយសម្រាប់បងប្អូនកម្មករនិយោជិតដែលកំពុងរងចាំដំណឹងការប្រជុំក្នុងការយ៉ាងណាឲ្យចប់មុនពិធីបុណ្យភ្ជុំបិណ្ឌ។
លោកមានប្រសាសន៍ថា៖ « យ៉ាងណាក៏ដោយ ត្បិតថាកម្ពុជារងផលប៉ះពាល់ការបញ្ជាទិញ សេដ្ឋកិច្ចសាកលប៉ុន្តែរដ្ឋាភិបាលក៏បានខិតខំតម្លើងប្រាក់ឈ្នួលកម្មករនិយោជិតទោះតិចរឺច្រើនក្តី »។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតក៏បានណែនាំក្រសួងការងារសហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរជាបណ្តើរៗ នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាពជាងមុនត្រឹមឆ្នាំ ២០២៧ផងដែរ។
ត្រង់ចំណុចនេះ លោកបាន ហ្វា សាលី យល់ឃើញថាបច្ចុប្បន្ននេះការធ្វើដំណើររបស់កម្មករនៅមានបញ្ហាធំ មិនមែនតូចទេ គឺក្នុងមួយរថយន្តមានផ្ទុកកម្មករណាន់តែនតាប់រហូតទៅដល់ ៧០នាក់ក៏មាន ហើយអ្នកបើកបររថយន្តមិនគោរពច្បាប់ចរាចរណ៍ជាដើម បើទោះបីជាមន្រ្តីក្រសួងការងារនិងសហជីពពន្យល់ណែនាំពួកគាត់ក៏ដោយ។
លោកមានប្រសាសន៍ថា៖ « ខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកបើកបររថយន្តគួរទៅរៀនបើកបរឡើងវិញ និងទី២ ស្នើសុំឲ្យមានការពិនិត្យអ្នកបើកបរដែលប្រើប្រាស់គ្រឿងញៀន ពោលគឺធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពដល់កម្មករ »។
លោកមានប្រសាសន៍បន្តថា លោកសូមអំពាវនាវដល់រដ្ឋាភិបាលធ្វើយ៉ាងណាឲ្យមានរថយន្តក្រុងដឹកបងប្អូនកម្មករនៅតាមបណ្តាលខេត្តទូទាំងប្រទេសផងដែរដើម្បីធានាដល់សុវត្ថិភាពការធ្វើដំណើររបស់កម្មករនិយោជិត ។
សូមជម្រាបថា នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបន្តកិច្ចប្រជុំលើកទី៣ ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និង ផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៤។
កិច្ចប្រជុំចចារប្រាក់ឈ្នួលអប្បបរមាលើកទី៣នេះបានដឹកនាំដោយ លោក ហេង សួរ រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីលក្ខណៈត្រីភាគីជាមួយភាគីសហជីព តំណាងឲ្យកម្មករនិយោជិត ភាគីនិយោជក រួមនឹងភាគីរដ្ឋាភិបាល។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារបានឲ្យដឹងថា ជាលទ្ធផលតំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួរលេខចំនួន ២១៥ ដុល្លារអាម៉េរិក និង តំណាងភាគីនិយោជកបានលើកឡើងនូវតួរលេខចំនួន ២០១ ដុល្លារអាម៉េរិក។
អង្គប្រជុំក៏បានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀតនៅថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០២៣។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ក្រសួងនឹងខិតខំចេញតួលេខប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤ ឱ្យបានមុនបុណ្យភ្ជុំបិណ្ឌ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករ និយោជិត។
យោងតាមរបាយការណ៍របស់រដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ បានឲ្យដឹងថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាស ចំនួន ៩ ៣២៣ មានកម្មករនិយោជិតប្រមាណ ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង ២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាស វិស័យកាត់ដេរចំនួន ៧៣៤ មានកម្មករនិយោជិតសរុបជិតប្រមាណជាង ៣៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង ១ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ហើយរាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចទីមួយ និងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស ច្រើនជាងគេ។