អង្គការសហប្រជាជាតិ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ ឬធនាគារអភិវឌ្ឍអាស៊ី និងអង្គការអន្តរជាតិខាងការងារ(ILO) បានឯកភាពគ្នាកំណត់លើនិយមន័យនៃភាពមានការងារធ្វើដោយសំដៅលើអ្នកមានអាយុ ១៥ឆ្នាំឡើង ដែលក្នុងរយៈពេលមួយអាទិត្យ ឬ៧ថ្ងៃចុងក្រោយ បានចូលរួមក្នុងសកម្មភាពធ្វើការងារ ឬផ្តល់សេវាកម្ម ដើម្បីទទួលបានប្រាក់ខែ ឬប្រាក់ចំណេញបើទោះបីជាធ្វើការនៅបរទេស ឬក្នុងស្រុកក៏ដោយ ហើយបើទោះបីជាកំពុងមានជំងឺ សម្រាកពីការងារ ជួបគ្រោះថ្នាក់ការងារ កំពុងសិក្សា ឬកំពុងទទួលបានការបណ្តុះបណ្តាល ឬក្នុងពេលលំហែរមាតុភាពក្តីក៏ចាត់ទុកថាមានការងារដែរ។
និយាយជារួមអង្គការអន្តរជាតិទាំងនេះ ឱ្យនិយមន័យយ៉ាងសាមញ្ញថា អ្នករត់មូតូកង់បី អ្នករត់ស៊ីក្លូ ឬអ្នកលក់នុំចំណី អ្នកស្រែចំការ ឬធ្វើរបរកសិកម្មផ្សេងៗ ឱ្យតែធ្លាប់ធ្វើការបាន៧ថ្ងៃក្នុងមួយខែក៏សុទ្ធតែរាប់អ្នកមានការងារទាំងអស់។ នេះគឺជាអត្ថន័យដែលកំណត់ជាសកល ហើយត្រូវបានយកជានិយាមវាស់វែងរកភាគរយនៃអ្នកមានការងារធ្វើ ឬអត់មានការងារធ្វើ។
ដោយឡែកនិយមន័យនៃអ្នកអត់មានការងរធ្វើវិញគឺសំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងអាយុធ្វើការ ដែលមិនមានការងារ និង កំពុងស្វែងរកការងារ និង អាចទទួលយកឱកាសការងារ ឬអាចធ្វើការងារបានប្រសិនបើមាន។ និយមន័យនេះ គឺត្រូវបានកំណត់ជាសកល និងអន្តរជាតិដែលគ្រប់គ្នាទទួលស្គាល់។
យោងតាមនិយមន័យខាងលើនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ ដូចជាកម្ពុជាជាទូទៅតែងមានចំនួនអត្រាអ្នកអត់ការងារធ្វើទាប ដោយប្រជាជនភាគច្រើនបំផុតមានការងារធ្វើ ដែលអាចជាការងារក្នុងវិស័យកសិកម្ម ឬការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។ តាមនិយមន័យនេះ ទិន្នន័យដែលបានទាញចេញពីអង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩១ ប្រទេសកម្ពុជារក្សាបាននូវអត្រាអ្នកអត់ការងារធ្វើ នៅក្នុងកម្រិតមួយទាបប្រមាណ ១% ហើយកម្រិតនៃអត្រាអ្នកអត់ការងារធ្វើនេះ គឺទាបជាងគេប្រសិនបើប្រៀបធៀបជាមួយនឹងបណ្តាក្រុមប្រទេស ដែលមានសេដ្ឋកិច្ចប្រហាក់ប្រហែលកម្ពុជា និងទាបជាងបណ្តាប្រទេសនានា នៅក្នុងតំបន់ ដូចជាប្រទេសថៃ វៀតណាម និងឡាវជាដើម។ ជាក់ស្តែង ក្នុងឆ្នាំ២០២៣ នេះ អង្គការ ILO បានប៉ាន់ស្មានថាប្រទេសកម្ពុជា មានអត្រាអ្នកអត់ការងារធ្វើប្រមាណ ០,៣% ប៉ុណ្ណោះ។
និយមន័យនេះ ត្រូវបានសកលនៅទូទាំងពិភពលោកប្រើប្រាស់ដើម្បីប្រមូលទិន្នន័យ និងផលិតស្ថិតិទាក់ទងនឹងអ្នកមានការងារធ្វើ និងអ្នកអត់ការងារធ្វើ ហើយគ្មានប្រទេសណាមួយ រួមទាំងកម្ពុជាផង អាចផ្លាស់ប្តូរនិយមន័យនេះបានឡើយ។
ខាងក្រោមនេះ មានភ្ជាប់ពីរបៀបគណនាពីចំនួនអ្នកមានការងារធ្វើ និងអ្នកអត់ការងារធ្វើ រួមទាំងស្ថិតិនៃភាពមានការងារធ្វើរបស់កម្ពុជា និងបណ្តាប្រទេសក្នុងតំបន់។
ទី១. របៀបគណនា អត្រាអ្នកមានការងារធ្វើ (%) = ចំនួនអ្នកមានការងារធ្វើ / (ចំនួនអ្នកមានការងារធ្វើ + ចំនួនអ្នកអត់ការងារធ្វើ) x 100%
ទី២. របៀបគណនា អត្រាអ្នកអត់ការងារធ្វើ (%) = ចំនួនអ្នកអត់ការងារធ្វើ / (ចំនួនអ្នកមានការងារធ្វើ + ចំនួនអ្នកអត់ការងារធ្វើ) x 100%
តារាងទី១៖ អត្រាអ្នកអត់ការងារធ្វើតាមបណ្តាប្រទេស និងក្រុមប្រទេសមួយចំនួនឆ្នាំ ២០១៩-២០២៣ (ប៉ាន់ស្មាន) | |||||
ប្រទេស | 2019 | 2020 | 2021 | 2022 | 2023 |
កម្ពុជា | 0.1 | 0.3 | 0.3 | 0.4 | 0.3 |
ឡាវ | 3.3 | 3.6 | 3.6 | 2.6 | 2.9 |
ថៃ | 0.7 | 1.1 | 1.0 | 0.9 | 0.8 |
វៀតណាម | 1.7 | 2.1 | 2.4 | 1.9 | 1.7 |
អាស៊ាន | 2.4 | 3.0 | 2.9 | 2.6 | 2.4 |
ឥណ្ឌូនេស៊ី | 3.6 | 4.3 | 3.8 | 3.6 | 3.3 |
ជប៉ុន | 2.4 | 2.8 | 2.8 | 2.6 | 2.6 |
អាស៊ីប៉ាស៊ីហ្វិក (ប្រទេសមានប្រាក់ចំណូលទាប) | 6.0 | 6.3 | 6.5 | 6.2 | 6.3 |
ប្រភព៖https://ilostat.ilo.org/data/#
តារាងទី២៖ អត្រាអ្នកអត់ការងារធ្វើតាមតំបន់ និងភេទ (ក្រុមអាយុ ១៥ – ៦៤ឆ្នាំ), ២០២១
ភេទ/តំបន់ | កម្ពុជា | ភ្នំពេញ | តំបន់ទីប្រជុំជនផ្សេង | ជនបទ |
សរុប | 1.0 | 1.2 | 1.2 | 0.9 |
ស្រី | 1.2 | 1.2 | 1.3 | 1.1 |
ប្រុស | 0.9 | 1.2 | 1.1 | 0.8 |
ប្រភព៖ អង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា (CSES) ឆ្នាំ២០២១
តារាងទី៣៖ អត្រាអ្នកអត់ការងារធ្វើតាមតំបន់ និងភេទ (ក្រុមអាយុ ១៥ ឆ្នាំឡើង), ២០១៩
ភេទ/តំបន់ | កម្ពុជា | តំបន់ទីប្រជុំ | ជនបទ |
សរុប | 1.2 | 1.0 | 1.4 |
ស្រី | 1.2 | 1.0 | 1.3 |
ប្រុស | 1.2 | 1.0 | 1.4 |
ប្រភព៖ អង្កេតកម្លាំងពលកម្ម (LFS) ឆ្នាំ២០១៩