សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជានឹងបន្តគាំទ្រគោលនយោបាយចិនមួយ ខណៈសម្ដេច ក៏បានប្តេជ្ញានឹងលើកកម្ពស់សហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ លើគម្រោងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិនផងដែរ។ នេះបើយោងតាមខ្លឹមសារជំនួបរវាង សម្តេច ហ៊ុន ម៉ាណែត និង លោក លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលផ្សាយចេញនៅថ្ងៃទី៤ ខែកញ្ញា។
នាឱកាសនោះ សម្ដេច ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ច របស់លោក លីវ ជានឆាវ ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងបក្ស និងរដ្ឋ នៃប្រទេសទាំងពីរ ខណៈសម្តេច អះអាងថា ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់ចេញបានឡើយ ពីការជួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាល និង ប្រជាជនចិន ជាពិសេសការផ្តល់ជំនួយទាន់ពេលក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យរបស់កម្ពុជា ។
បន្ថែមពីនេះ សម្តេច ក៏បានថ្លែងថា៖«គណបក្សប្រជាជនកម្ពុជានឹងបន្តគាំទ្រគោលនយោបាយចិនមួយ ហើយសម្ដេចមហាបវរធិបតី ប្តេជ្ញានឹងលើកកម្ពស់សហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត មានដូចជាការបណ្តុះបណ្តាលយុវជន, គម្រោងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន, និង កិច្ចសហប្រតិបត្តិការដ៏ទៃទៀត ដែលគ្រោងនឹងចុះអនុស្សារណៈយោគយល់គ្នា (MOU) នាពេលខាងមុខនេះ ជាសក្ខីភាពស្រាប់»។
នាឱកាសនោះ លោក លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិនជាមួយកម្ពុជា ក្នុងការជំរុញការអនុវត្តគំនិតផ្តួចផ្តើមនិងកិច្ចសហប្រតិបត្តិការគ្រប់រូបភាពឱ្យទទួលជោគជ័យ។
ក្នុងន័យនេះ លោកបន្តថា៖« រដ្ឋាភិបាលចិនបន្តគាំទ្រដល់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេច ហ៊ុន ម៉ាណែត ហើយក៏បានវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដ៏គ្រប់ជ្រុងជ្រោយ ប្រកបដោយ យុទ្ធសាស្ត្រ និង ចក្ខុវិស័យច្បាស់លាស់»។
តាមរយៈជំនួបនោះ មន្រ្តីជាន់ខ្ពស់របស់ប្រទេសចិន ក៏បាន បង្ហាញឆន្ទៈដ៏មុតមាំនៃការកសាងឱ្យបាននូវសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ ដែលប្រទេសទាំងពីរជាមិត្តភ័ក្តិដ៏ស្មោះត្រង់ និង ជាបងប្អូនបង្កើត ដែល រួមសុខរួមទុក្ខនឹងគ្នាជាដរាបរៀងមក ។ ជាងនេះទៀត លោក លីវ ជានឆាវ ក៏បង្ហាញក្តីសង្ឃឹមចំពោះការ អភិវឌ្ឍរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន ម៉ាណែត ដែលជាអ្នកនយោបាយវ័យក្មេងមានចក្ខុវិស័យវែងឆ្ងាយផងដែរ៕
អត្ថបទ៖ ពិសី