ការកំណត់គោរមងារ «សម្តេច» សម្រាប់មុខតំណែងកំពូលរបស់ជាតិចំនួន៣ គឺជាការវិលត្រឡប់ទៅរកប្រពៃណីជាតិមួយដ៏រឹងមាំ និងគង់វង្សយូរអង្វែងនៃរបបរាជានិយម

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៣ របស់ព្រះមហាក្សត្រ ពីអំណឹះតទៅនឹងមានប្រពៃណីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង នោះគឺអ្នកកាន់តំណែងកំពូលរបស់ជាតិចំនួន៣ នឹងទទួលបានគោរមងារជា «សម្តេច»។ តំណែងទាំង៣នោះ គឺ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តី។

ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ជាទូទៅ«សម្តេច» គឺជាគោរមងារខ្ពង់ខ្ពស់ឧត្តុង្គឧត្តមមួយនៅក្នុងបណ្តាប្រទេសដែលប្រកាន់របបរាជានិយម។ ដោយឡែក នៅកម្ពុជាការៀបផ្សារភ្ជាប់គោរមងារ «សម្តេច» ទៅនឹងតំណែងកំពូលខ្ពង់ខ្ពស់ ជាការមួយសមរម្យ ដ្បិតវាស្របទៅនឹងប្រពៃណីបរមបុរាណរបស់យើង។ នៅស្រុកយើង តាំងពីបុរាណកាលមក គោរមងារមួយចំនួនសុទ្ធតែភ្ជាប់ទៅនឹងមុខតំណែងសំខាន់ៗ ឧទាហរណ៍ដូចជា «ឧកញ៉ាចក្រី», «ឧកញ៉ាក្រឡាហោម», «ឧកញ៉ាយោមរាជ»។ល។

ឯកឧត្តមបន្តថា ក្នុងន័យនេះ ការតភ្ជាប់គោរមងារ «សម្តេច» ទៅនឹងមុខតំណែង ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ឬនាយករដ្ឋមន្ត្រី គឺជាការវិលត្រឡប់ទៅរកប្រពៃណីជាតិមួយដ៏រឹងមាំ និងដ៏គង់វង្សយូរអង្វែងនៃរបបរាជានិយមនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអម ក៏អបអរសាទរ «សម្តេចមហាបវរធិបតី» ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជូនពរឱ្យសម្តេចទទួលជោគជ័យ ក្នុងបេសក កម្មបម្រើជាតិ, ប្រជាជន, និងមាតុភូមិជាទីស្នេហានៃយើង៕