គិតមកដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ បណ្តាមេដឹកនាំពិភពលោកនៅតែបន្តផ្ញើសារមកចូលរួមអបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា។ ពោលគឺចាប់តាំងពីបានចូលកាន់ តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា កាលពីថ្ងៃទី២២ ខែសីហាមក ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលសារអបអរសាទរជាបន្តបន្ទាប់។
នៅថ្ងៃនេះ ឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ាន បានផ្ញើសារលិខិតមួយចូលរួមអបអរសាទរ ជូនឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។ ក្នុងសារលិខិត ឯកឧត្តម ចូកូ វីដូដូ រំពឹងថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងឥណ្ឌូនេស៊ី កាន់តែពង្រឹងពង្រីក ក្រោមអាណត្តិដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។
ទន្ទឹមនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានអញ្ជើញឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងជំទាវទី១របស់កម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាកាតា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ រួមទាំងវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក នៅទីក្រុងហ្សាកាតា ចាប់ពីថ្ងៃទី៥-៦ ខែកញ្ញា ឆ្នាំ២០២៣ផងដែរ។
ក្រៅពីសារលិខិតរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី, កាលពីថ្ងៃទី០១ ខែកញ្ញា ក៏មានសារលិខិតអបអរសាទរពីសំណាក់ឯកឧត្តម អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ដ្រាលី ជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។
ជាមួយគ្នានេះដែរ នៅមានសារលិខិតអបអរសាទរជាបន្តបន្ទាប់គ្នាពីមេដឹកនាំពិភពលោកជាមិត្តរបស់កម្ពុជាជាច្រើនទៀតជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដូចជា៖ ឯកឧត្តម អ៉ីរ៉ាក់លី ហ្ការីបាសវីលី (Irakli Garibashvili) នាយករដ្ឋមន្ត្រី នៃប្រទេសហ្សកហ្ស៊ី, លោកជំទាវ អែនណា ប្រណាប៊ីក (Ana Brnabić) នាយករដ្ឋមន្រ្តីស៊ែបី, ឯកឧត្តម សាវើ បេថែល (Xavier Bettel) នាយករដ្ឋមន្រ្តីប្រទេសលុចសំបួ, ឯកឧត្តម ម៉ាក រូតេ (Mark Rutte) នាយករដ្ឋមន្រ្តីហូឡង់, ព្រះអង្គម្ចាស់ Mohammed bin Salman bin Abdulaziz Al Saud រាជទាយាទ និងជានាយករដ្ឋមន្រ្តី ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត, លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប, ឯកឧត្តម Susumu Tai កុងស៊ុលកិត្តិយស ទីក្រុងSendai ប្រទេសជប៉ុន, ឯកឧត្តម Narendra Modi នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា, ឯកឧត្តម វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន, ឯកឧត្ដម មីឃែល មីហ្សូស្ទីន (Mikhail MISHUSTIN) នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី , ឯកឧត្ដម ជេ រ៉ាម៉ុះ ហតតា (J.Ramos-Horta) ប្រធានាធិបតីទីម័រខាងកើត, លោក ម៉ាសាត្យូគូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) , ឯកឧត្ដម ផាន វ៉ាន ម៉ៃ (Phan Van Mai) ប្រធានគណៈកម្មាធិការប្រជាជនហូជីមិញ, ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ, ឯកឧត្តម យួន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង), ឯកឧត្តម មីហ្គែល ឌីអាស-កាណែល ប៊ឺមូដេស (Miguel Díaz-Canel) ប្រធានាធិបតីគុយបា, ឯកឧត្តម វិចទ័រ អ័របាន (Viktor Orbán) នាយករដ្ឋមន្ត្រីប្រទេសហុងគ្រី, ឯកឧត្តម អាម៉ែត ហាឆ៉ានី (Ahmed Hachani) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋទុយនីស៊ី, ឯកឧត្តម ណាណា អាដដូ ដានក្វា អាគូហ្វូ-អាដដូ (Nana Addo Dankwa Akufo-Addo) ប្រធានាធិបតីនៃសាធារណរដ្ឋហ្គាណា, ឯកឧត្តម រូមេន ហ្គូឡូវឈីនកូ (Roman Golovchenko) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបេឡារុស, ព្រះចៅស៊ុលតង់ ហាជី ហាសសាណាស់ ប៊ុលគីយ៉ាស់ (Sultan Haji Hassanal Bolkiah) ព្រះមហាក្សត្រនៃប្រទេសព្រុយណេ, ឯកឧត្តម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តម អ៉ីប្រាហ៊ីម ម៉ូហាម៉េដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ, ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តម លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីសឹង្ហបុរី, ឯកឧត្តម ប្រាយុទ្ធ ច័ន្ទ អូឆា (Prayut Chan-O-Cha) នាយករដ្ឋមន្ត្រីផុតអាណត្តិនៃព្រះរាជាណាចក្រថៃ និងនាយករដ្ឋមន្រ្តីថ្មីរបស់ថៃ, លោកជំទាវ សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស, ឯកឧត្តម ហ្វូមីអុ គីស៉ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន, ឯកឧត្តម គីម តុកហ៊ុន (Kim Tok Hun) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ, ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង (Min Aung Hlaing) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ល៕
អត្ថបទ៖ អក្ខរា