ផ្អែកតាមស្ថានភាពការប្រែប្រួលអាកាសធាតុក្នុងឆ្នាំនេះ ដែលហៅថាទឹកជំនន់រហ័ស ដែលជាទូទៅកើតឡើងនៅតំបន់ពាយ័ព្យនៃកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធពិនិត្យឡើងវិញការរៀបចំទីទួលសុវត្ថិភាពដែលមានស្រាប់ ដើម្បីត្រៀមប្រើប្រាស់ទទួលប្រជាពលរដ្ឋដែលជម្លៀសពីផ្ទះសម្បែងរបស់ពួកគាត់។
ឯកឧត្តមទេសរដ្ឋមន្រ្តី គបានមានប្រសាសន៍ថា ការរៀបចំទីទួលសុវត្ថិភាពនេះជាយុទ្ធសាស្រ្ត និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលតែងតែណែនាំ និងក្រើនរំលឹកដល់អាជ្ញាធរ ភាគីពាក់ព័ន្ធគ្រប់លំដាប់ឲ្យពង្រឹង និងពង្រីកទីទួលសុវត្ថិភាព ដើម្បីជម្លៀសប្រជាពលរដ្ឋពីទឹកជំនន់។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងនៅថ្ងៃទី0១ ខែកញ្ញា ឆ្នាំ២០២៣នេះថា ទីទួលសុវត្ថិភាពដែលបានរៀបចំសាងសង់រួចរាល់នៅតាមខេត្តងាយរងគ្រោះមាន ៩ទីតាំង ស្ថិតក្នុងខេត្តកំពង់ធំ ៥កន្លែង កំពង់ឆ្នាំង ២កន្លែង ពោធិ៍សាត់ ២កន្លែង ក្នុងនោះមាន ៦កន្លែងមានលក្ខណៈស្តង់ដារត្រឹមត្រូវ និងសាងសង់ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក ខណៈទីទួលសុវត្ថិភាព ៣កន្លែង កំពុងសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ។ ចំពោះទីទួលសុវត្ថិភាពនីមួយៗ មានលទ្ធភាពអាចឲ្យប្រជាពលរដ្ឋប្រមូលផ្តុំចន្លោះពី ៣០០ ទៅ៥០០នាក់។
ក្រៅពីទីទួលសុវត្ថិភាពដែលបានរៀបចំរួចរាល់ទាំង ៩ទីតាំង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏ណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវមានទីទួលសុវត្ថិភាពផងដែរ ដូចជាសហការជាមួយអង្គការដៃគូ វត្តអារាម និងសាលារៀនជាដើម៕
អត្ថបទ៖ អក្ខរា