អភិបាលខេត្តកំពង់ធំ ចុះដោះស្រាយដីក្នុងសហគមន៍នេសាទរបស់ពលរដ្ឋជាង ១០០គ្រួសារ

ឯកឧត្ដម ងួន រតន: អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បន្តចុះដោះស្រាយ​សំណូមពរបងប្អូនប្រជាពលរដ្ឋចំនួន​១៣១គ្រួសារ​ពាក់ព័ន្ធនឹងការប្រើប្រាស់​និងអាស្រ័យផលដីរបស់ពួកគាត់តាំងឆ្នាំ១៩៨៣​ ស្ថិតក្នុងទីតាំងសហគមន៍នេសាទ​នៅក្នុងឃុំទំពាំងឫស្សី​ស្រុកកំពង់ស្វាយ​ខេត្តកំពង់ធំ។

ពលរដ្ឋទាំង ១៣១គ្រួសារក្នុងទីតាំងសហគមន៍នេសាទ​បានស្នើសុំកាត់ជ្វាលដីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ ព្រោះបច្ចុប្បន្នពួកគាត់មិនទាន់មានប័ណ្ណកម្មសិទ្ធិនៅឡើយ។ ទីតាំងសហគមន៍នេសាទ​មានសហគមន៍អភិវឌ្ឍន៍ស្ទឹងព្រៃប្រស់ និងសហគមន៍ឧកញ៉ាមហាពពាយ មានផ្ទៃដីសរុប ៩៣៩ហិចតា។ ពលរដ្ឋស្នើសុំកាត់ជ្វាលដីពីសហគមន៍ទាំងពីរចំនួន ៧០,៨៩ហិចតា តាមរដូវកាល ខណៈដីតំបន់នេះទឹកលិចនៅរដូវវស្សា៕

អត្ថបទ៖ អក្ខរា