ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ថ្នាក់ដឹកនាំតាមក្រសួងត្រូវបានផ្លាស់ប្តូរ តែទស្សនៈវិស័យ និងគោលដៅដឹកនាំមិនផ្លាស់ប្តូរ ហើយនៅតែរក្សាបានលំនឹង។ ឯកឧត្តមបណ្ឌិត បានថ្លែងថា តាមក្រសួងនានាដូរតែរដ្ឋមន្ត្រី ប៉ុន្តែរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាជាដើម មិនមានការផ្លាស់ប្តូរនោះឡើយ។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ និយោជិក នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា យន្តការនៃការរៀបចំតែងតាំងមន្ត្រី គឺផ្អែកតាមតម្រូវការចាំបាច់ និងធានាប្រសិទ្ធភាពការងារ ហើយយន្តការមួយទៀត គឺត្រូវការការលើកទឹកចិត្ត សម្រាប់អ្នកចូលនិវត្តន៍ត្រូវផ្តល់ឋានៈតួនាទីឲ្យគាត់ជួយជាទីប្រឹក្សាឲ្យគាត់បន្ត ជាគុណធម៌ក្នុងការរៀបចំមន្ត្រី។ ឯកឧត្តមគូសបញ្ជាក់ថា “ពាក្យគុណធម៌នេះសំខាន់ណាស់ តែយើងក៏គិតពីប្រសិទ្ធភាពការងារដែរ សម្រាប់តែរៀបចំតែងតាំងមន្ត្រី គឺសុទ្ធសឹងជាអ្នកធ្វើការជាមួយយើងយូរឆ្នាំហើយ បង្ហាញថា យើងមិនចោលអ្នកនៅរួមរស់ជាមួយយើងជួយយើងក្នុងរូបភាពណានោះទេ នេះគេហៅថា គុណធម៌”។
ឯកឧត្តមនាយករដ្ឋមន្រ្តី បានបន្តថា ឯកឧត្តមមិនលូកដៃក្នុងការតែងតាំងមន្ត្រីតាមក្រសួងទេ តែការចាត់តាំង តែងតាំងត្រូវពិចារណាដោយឈរលើគុណាធិបតេយ្យ និងការបន្ស៊ីគ្នារវាងអ្នកចាស់ និងអ្នកថ្មី។ ការសម្រេចគោលដៅការងារ ត្រូវទាមទារស្មារតីរួបរួម និងឯកភាពគ្នា ដែលស្មារតីនេះហើយ ដែលធ្វើឲ្យអ្នកដឹកនាំជាន់មុនអាចបង្រួបបង្រួមជាតិ និងបញ្ចប់សង្គ្រាម។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៣០ ខែសីហា បានរំលឹកដល់មន្ត្រីបន្តវេនតាមស្ថាប័ន ឲ្យមានការប្រុងប្រយ័ត្នលើភាពអគុណធម៌សម្រាប់ការរៀបចំមន្ត្រីក្នុងអាណត្តិថ្មី ពោលគឺត្រូវធ្វើតាមរបៀប “រក្សាចាស់ បង្កើតថ្មី”។ សម្តេចតេជោបានលើកឡើងថា សម្តេចគាំទ្រការកែទម្រង់ តែមិនគាំទ្រការរៀបចំណាដែលខ្វះការឲ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយៈពេលកន្លងមក ហើយត្រូវបានដកចេញដោយគ្មានមូលហេតុដែរ។
ត្រង់ចណុចនេះ ជាការបង្ហាញថា គោលនយោបាយគណបក្សប្រជាជនកម្ពុជា មិនបោះបង់អ្នកណាមួយចោលនោះទេ រួមទាំងប្រជាពលរដ្ឋ រួមទាំងមន្ត្រីរាជការ និងមន្ត្រីមុខងារផ្សេងៗទៀត។ ជាពិសេស ក្នុងគោលបំណងដើម្បី ធានាស្ថេរភាពមុខងារសាធារណៈ និងមិនឱ្យមន្ត្រីក្នុងមុខតំណែងទាំងនោះ មានការរំជើបរំជួល ឬប៉ះពាល់ដល់សតិអារម្មណ៍ ដល់តួនាទី ស័ក្តិយសរបស់ខ្លួនក្នុងការបំពេញការងារ ជាពិសេស ជៀសវាងមានការញុះញង់ពីការបែកបាក់ពីសំណាក់ក្រុមប្រឆាំង ព្រមទាំងបន្តប្រមូលផ្តុំកម្លាំងដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនបន្តទៀត៕
អត្ថបទ៖ អក្ខរា