ថ្លែងក្នុងវេទិកាជួបនកម្មករ និយោជិត ក្នុងក្រុងតាខ្មៅខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ ខែកញ្ញានេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចង្អុលប្រាប់ទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា ថារដ្ឋអត់មានដីសម្បទានរាប់ម៉ឺនហិកតា សម្រាប់វិនិយោគលើដំណាំកសិកម្មនោះទេ គឺត្រូវប្រើរូបមន្តមាត្រដ្ឋានច្របាច់បញ្ជូលគ្នារវាងគ្រួសារកសិកម្មឲ្យក្លាយជាសហគមន៍កសិករមួយឲ្យធំ ដើម្បីអាចពង្រីកផលិតកម្មសម្រាប់នាំចេញ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា “ការរៀបចំសហគមន៍កសិករនេះសំខាន់ណាស់ ហើយត្រូវធ្វើឲ្យដើរ ដូចជាមានក្រុមហ៊ុន ឬប្រទេសណាឲ្យយើងនាំចេញស្វាយ១លានតោន ដូច្នេះយើងមានទីផ្សារហើយ មានក្រុមហ៊ុនប្រមូលទិញហើយ តែលទ្ធផលផលិត និងការប្រមូលផលឲ្យតាមគុណភាពស្តង់ដា យើងត្រូវគិតឲ្យបានគ្រប់គ្រាន់។ យើងមិនមានដីសម្បទានថ្មីរាប់ម៉ឺនហិកតាយកទៅធ្វើ (ដាំស្វាយចន្ទី) ទៀតទេ ប៉ុន្តែកុំពិបាក នៅក្នុងកងទ័ពរូបមន្តដែលខ្ញុំឲ្យធ្វើ គ្រួសារទ័រមួយៗដែលទទួលបានដីសង្គមកិច្ចចូលគ្នារាប់ពាន់រាប់ម៉ឺនហិកតា ហើយបង្កើតគាត់ជាសមាគមកសិករ ហើយរកទីផ្សារឲ្យគាត់ ហើយគាត់ផលិតរួមគ្នា។ ចឹងយើងត្រូវគិតជារូបមន្ត ជាមាត្រដ្ឋានឲ្យធំជុំគ្នា ហើយយើងជួយជំរុញគាត់ឲ្យដើរ”។
សូមជម្រាបថា រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ បានដាក់ចេញនូវកញ្ចប់ថវិកាជាក់លាក់ ដើម្បីជួយដល់វិស័យកសិកម្ម ដោយបានត្រៀមថវិកា ១០០លានដុល្លារអាមេរិក ដើម្បីអន្តរាគមន៍កសិកផល ផលិតកសិកម្ម ដូចជាស្រូវអង្ករ បន្លែបង្ការផ្សេងៗ តាមកម្មវិធីចាំបាច់របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានណែនាំដល់រដ្ឋមន្ត្រីក្រសួងសិកម្ម ឲ្យធ្វើការជ្រើសរើសមន្ត្រីកសិកម្មបម្រើការងារតាមមូលដ្ឋាន ត្រូវឈរលើគោលការណ៍តម្លាភាព យុត្តិធម៌ និងអនុវត្តន៍ឱ្យមានប្រសិទ្ធភាព៕
អត្ថបទ៖ អក្ខរា