ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដរាបណាបងប្អូនប្រជាពលរដ្ឋនៅតែជឿជាក់គណបក្សប្រជាជនកម្ពុជា គាំទ្រឱ្យដឹកនាំរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាប្ដេជ្ញាបម្រើពលរដ្ឋ បង្កើតការងារ និងបង្កើនជីវភាពរស់នៅជូនប្រជាពលរដ្ឋជានិច្ច។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១កញ្ញានេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា រឿងស្រឡាញ់ជាតិនណាក៏ស្រឡាញ់ដែរ ក្នុងនោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលខិតខំថែរក្សានូវសុខសន្ដិភាព ស្ថិភាពនយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ ដូច្នេះការចូលរួមស្នេហាជាតិបែបវិជ្ជមានគឺជារឿងសំខាន់ ដើម្បីចូលរួមបង្កើនសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជននូវទូទាំងប្រទេស។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលថ្មី ទោះបីជាតួអង្គនៅតាមក្រសួងស្ថាប័នមួយចំនួនថ្មីក៏ដោយសម្រាប់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក៏ប៉ុន្ដែគោលនយោបាយ និងយុទ្ធសាស្រ្ដរបស់គណបក្សប្រជាជន គឺមិនបានផ្ដាស់ប្ដូរនោះទេ។
បន្ថែមទៀតនោះ ឯកឧត្តមបណ្ឌិតបានរម្លឹកដល់រដ្ឋមន្រ្ដីតាមបណ្ដាក្រសួងស្ថាប័ន ជាពិសេសក្រសួងស្ថាប័នថ្មី ដែលត្រូវរៀបចំមន្រ្ដី ត្រូវពង្រឹងគោលបំណងនៃប្រសិទ្ធភាពស្ថាប័ន គឺរក្សាប្រសិទ្ធភាព និងសាមគ្គីភាពផ្ទៃ ក្នុងនោះទើបអាចដើរទៅមុខទាំងអស់គ្នាបាន៕