ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើការណែនាំទៅកាន់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនកម្មករ កម្មការិនីទៅលេងស្រុកកំណើត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ។
ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងពេលចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន១៨,២៨៩នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងដែរថា ការចេញបញ្ជាឱ្យបញ្ចេញរថយន្តក្រុងសារធារណៈ ដើម្បីត្រៀមសម្រួលលើការដឹកជញ្ជូនកម្មករ-កម្មការិនី ទៅបុណ្យភ្ជុំបិណ្ឌ នៅតាមបណ្តាខេត្ត គឺធ្វើឡើងដោយឥតគិតថ្លៃ ព្រោះរាជរដ្ឋាភិបាលយល់ថា កម្មករ-កម្មការិនី អាចនឹងសម្រុកទៅកាន់បណ្តាខេត្តមានចំនួនច្រើន ដែលបង្កឱ្យមានការដំឡើងថ្លៃរថយន្តឈ្នូលនាឱកាសនោះ។
សូមរំលឹកដែរថា កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានចេញបញ្ជាឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងសារធារណៈចន្លោះពី៣០០ ទៅ៣៥០គ្រឿង ដើម្បីត្រៀមសម្រួលលើការដឹកជញ្ជូនកម្មករ-កម្មការិនី ទៅបោះឆ្នោតនៅតាមបណ្តាខេត្ត ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រួចមកហើយ៕
អត្ថបទ៖ ពិសី