ឯកឧត្តម ស សុខា៖ ក្រសួងមហាផ្ទៃ ក្លាយជាកម្លាំងបង្អែកដ៏រឹងមាំ ក្នុងការបម្រើសេវាសាធារណៈ និងចូលរួមថែរក្សាសន្ដិសុខសង្គមទាំងមូល

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រោមការដឹកនាំដោយផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង នាអាណត្តិទី៦ កន្លងទៅបានដឹកនាំកសាងស្ថាប័នក្រសួងមហាផ្ទៃ និងពង្រឹង បណ្ដុះបណ្ដាលមន្ដ្រីប្រកបដោយជំនាញវីជ្ជាជីវៈប្រកបដោយសីលធម៌ ក្លាយជាកម្លាំងបង្អែកដ៏រឹងមាំ ក្នុងការបម្រើសេវាសាធារណៈ និងការចូលរួមថែរក្សាសន្ដិសុខ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមទាំងមូលគ្រប់កាលៈទេសៈ សំដៅរួមបង្កបរិយាកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។

ឯកឧត្តមបានថ្លែងបែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំតាមអង្គភាពនានាចំណុះក្រសួងមហាផ្ទៃុ។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា តាងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏សម្ដែងការកោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ បានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះមុខ ជាពិសេសគ្រប់កាលៈទេសៈ ការលំបាក និងពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបម្រើប្រជាពលរដ្ឋនាពេលកន្លងមក។

ក្នុងនោះដែរ ឯកឧត្ដមនាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី តំណាងអគ្គនាយក និងប្រធានអង្គភាពទាំង៨ បានធ្វើការប្ដេជ្ញាចិត្តថា នឹងបំពេញតួនាទី ភារកិច្ច ដោយស្មោះត្រង់ឥតងាករេ ក្នុងការបម្រើជាតិ សាសនា និងព្រះមហាក្សត្រ ព្រមទាំងបម្រើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ «យុវវិញ្ញូជននៃជាតិ» មួយរូប ដែលប្រកបដោយឧត្ដមគតិស្នេហាជាតិ និងប្រាជ្ញាឈ្លាសវៃគឺ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃម្ពុជា។ គោរព និងអនុវត្តនូវរាល់បទបញ្ជា គោលការណ៍ណែនាំ វិធានការ គោលនយោបាយ ផែនការ និងកម្មវិធីកំណែទម្រង់របស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំប្រកបដោយទស្សនៈវិស័យជឿនលឿន និងគំនិតប្រាជ្ញាអភិវឌ្ឍន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្របតាមអត្ថន័យគោរមងារ «អភិសន្តិបណ្ឌិត» ដែលមានន័យថា បញ្ញាជនដែលមានភាពឈ្លាសវៃ និងភាពប៉ិនប្រសប់ខ្ពស់ ក្នុងការចូលរួមចំណែកធ្វើឱ្យប្រទេសមានសន្តិសុខ មានសណ្តាប់ធ្នាប់ សុខដុមរមនា និងសុវត្ថិភាពសង្គមបានល្អប្រសើរ៕

អត្ថបទ៖ អក្ខរា