អាជ្ញាធររាជធានី នឹងស្នើគម្រោងធំមួយទៅរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាទឹកលិចបានពី១៥ ទៅ ២០ឆ្នាំ

រដ្ឋបាលរាជធានីភ្នំពេញ នៅសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំសិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការអញ្ជើញអ្នកជំនាញអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមកប្រជុំ ពិភាក្សានៅពេលនេះ គឺដើម្បីរៀបចំផែនការបន្តលើការដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀងអោយបានយូរអង្វែង។ ឯកឧត្ដម ក៏បានជម្រុញឲ្យធ្វើកិច្ចការងារនេះជាកញ្ចប់តែមួយ ដែលវានឹងអាចដោះស្រាយការលិចលង់នេះបានពី១៥ ទៅ ២០ឆ្នាំ។

ពាក់ព័ន្ធនឹងការងារនេះ រាជរដ្ឋាភិបាលក៏នឹងពិនិត្យបញ្ហាលិចលង់នៅសណ្តរស្ទឹងព្រែកត្នោតផងដែរ ដើម្បីរកមធ្យោបាយដោះស្រាយឲ្យបានល្អ ជៀសវាងឲ្យបាននូវការលិចដោយជំនន់ទឹកភ្លៀង ព្រោះថាបើលិចរោងចក្រ សហគ្រាសនោះ វានឹងខាតបង់ធ្ងន់ធ្ងរណាស់ នេះជាបញ្ហាដែលទៀមទាឲ្យយើងត្រូវរួមគ្នាដោះស្រាយឲ្យបានល្អ។

ឯកឧត្តមបានបន្តថា ក្រោយកិច្ចប្រជុំរកធាតុចូលបានគ្រប់ជ្រុងជ្រោយហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងអាចរៀបចំជាគម្រោងធំមួយ ផ្ញើរទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ដោយជំនន់នេះឲ្យបានល្អ ដែលអាចកាត់បន្ថយការលិចលង់បានពី១៥ ទៅ ២០ឆ្នាំ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា សម្រាប់រាជធានីភ្នំពេញបានធ្វើការងារច្រើនណាស់ ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង ដោយគិតមកដល់ពេលនេះ អាជ្ញាធរបានស្ថាបនាប្រព័ន្ធលូបានជាង៩២៤គីឡូម៉ែត្រ នឹងបន្តស្ថាបនាជាបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះ អាជ្ញាធរបានដោះស្រាយបញ្ហាលិចលង់នេះបាន ៣២កន្លែង រួចហើយ ហើយនៅពេលថ្មីនេះទៀតដោះស្រាយបាន ៧កន្លែង ថ្មីទៀតផងដែរ៕