នៅព្រឹកថ្ងៃ៣១ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រកាសតែងតាំងមុខតំណែងអគ្គស្នងការរងនគរបាលជាតិ និងប្រគល់ភារកិច្ចជាស្នងការ នៃស្នងការនគរបាលខេត្តព្រះសីហនុ ជូនឧត្តមសេនីយ៍ឯក ស រដ្ឋា ដែលជាប្អូនបង្កើតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យស្នងការខេត្តព្រះសីហនុថ្មី បន្តការប្រឹងប្រែង សហការគ្នា សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដេីម្បីបម្រេីអង្គភាព និងប្រជាពលរដ្ឋ រក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ សាធារណជូនប្រជាពលរដ្ឋ អ្នកវិនិយោគ ជាពិសេសភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងត្រូវមានការទទួលខុសត្រូវខ្ពស់ លេីការដឹកនាំបញ្ជាកងកម្លាំង ក៏ដូចជាការគ្រប់គ្រង និងអភិវឌ្ឍអង្គភាព។
លោកបន្តថា ចំពោះមន្ត្រីបេីធ្វេីល្អត្រូវមានការលេីកទឹកចិត្ត ទទួលការលេីកសរសេីរ បេីធ្វេីខុសត្រូវដាក់វិន័យតាមកងកម្លាំង០០៦ ឬអនុវត្តតាមច្បាប់ ហើយប្រធានអង្គភាពត្រូវខិតខំពង្រឹងបន្ថែម របៀបរបបធ្វេីការងារប្រចាំថ្ងៃឲ្យបានល្អ ត្រូវមានការរៀបចំកិច្ចប្រជុំជាប្រចាំ ដេីម្បីទទួលយកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ យកមកវិភាគ និងរៀបចំផែនការ ដេីម្បីដាក់ចេញឲ្យអនុវត្ត។ ផែនការងារសន្តិសុខដេីរតួសំខាន់ ឈានដល់ការគ្រប់គ្រងមុខសញ្ញា ដេីម្បីងាយស្រួលក្នុងការបង្ក្រាបបទល្មេីស ការគ្រប់គ្រងអាវុធជាតិផ្ទុះ ការកាន់កាប់អាវុធខុសច្បាប់ គណបញ្ជាការបញ្ជាដឹកនាំ ដោយមានព្រះរាជអាជ្ញារ កងកម្លាំងចម្រុះ។
បន្ថែមទៀតនោះ លោក ស ថេត ក៏បានផ្តាំឲ្យលោក ស រដ្ឋា ពង្រឹងអង្គភាព អធិការដ្ឋាននគរបាល ខណ្ឌ ក្រុង ស្រុក ប៉ុស្តិ៍ ត្រួតពិនិត្យកម្លាំងឲ្យបានច្បាស់លាស់ ត្រូវមានកម្លាំងប្រចាំការ ២៤ម៉/២៤ម៉ ដេីម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ និងទទួលពាក្យបណ្តឹង អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយករណីគ្រឿងញៀន ៣កុំ ( កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំដោះលេង ) ១រាយការណ៍គ្រប់ករណី។ កម្លាំងដែលពាក់ព័ន្ធក្នុងការប្រីប្រាស់ ជួញដូរ ចែកចាយ គ្រឿងញៀន ត្រូវតែអនុវត្តតាមច្បាប់ និងដេញចេញពីក្របខណ្ឌ ដូចប្រសាសន៍ណែនាំរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លើសពីនេះក៏ត្រូវពង្រឹងក្រមសីលធម៌ ពាក្យសំដី និងកាយវិការដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសមន្ត្រីចរាចរណ៍ និងមន្ត្រីតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវមានការរៀបចំហ្វឹកហាត់ក្បាច់គុណ តាមបណ្តាអង្គភាព ផ្តោតសំខាន់លេីមន្ត្រីផ្នែកចរាចរណ៍ ព្រហ្មទណ្ឌ គ្រឿងញៀន និងផ្នែកអន្តរាគមន៍ ។ល។ គ្រប់អង្គភាព ត្រូវរៀបចំត្រួតពិនិត្យកម្លាំង ឧបករណ៍សម្ភារផ្សេងៗឲ្យបានល្អ ជាមួយនឹងការរៀបចំផែនការច្បាស់លាស់ ដេីម្បីគ្រប់គ្រងសភាពការណ៍ ណាមួយដែលកេីតឡេីងជាយថាហេតុ និងត្រូវពង្រឹងវិន័យ កាត់សក់ខ្លី ស្លៀកពាក់ឯកសណ្ឋាននគរបាលឲ្យបានត្រឹមត្រូវ ស្អាត សមជាកងកម្លាំងនគរបាលជាតិ ៕