រដ្ឋមន្រ្តីក្រសួងកិច្ចការនារី៖ អ្នកជម្ងឺមហារីកសុដន់ ៧០ភាគរយ មកព្យាបាលនៅដំណាក់កាលចុងក្រោយ ដោយសារខ្វះការយល់ដឹង

បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជា ដោយសារខ្វះការយល់ដឹង ៧០% នៃអ្នកជម្ងឺមហារីកសុដន់ មកទទួលការព្យាបាលនៅដំណាក់កាលចុងក្រោយនៃជម្ងឺ។ ប្រសិនបើគាត់ឆាប់រកវិនិច្ឆ័យបានលឿន នោះឱកាសនៃការព្យាបាលជាមានប្រសិទ្ធភាពខ្ពស់។ នេះបើតាមការឲ្យដឹងពីលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក្នុងពិធីបើកយុទ្ធនាការលើកកម្ពស់ការយល់ដឹងពីជម្ងឺមហារីកសុដន់ AIA Fit for Hope 2023 នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។

លោកជំទាវ បានមានប្រសាសន៍ថា កម្មវិធីយុទ្ធនាការ Fit for Hope នេះ រៀបចំឡើងតាំងពីឆ្នាំ២០១៧ និងបានឆ្លើយតបទៅនឹងចក្ខុវិស័យនៃកិច្ចសហការរវាងក្រសួងកិច្ចការនារី និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា លើគម្រោង “លើកកម្ពស់សុខភាព និងហិរញ្ញវត្ថុសម្រាប់ ស្ត្រីកម្ពុជា” ដែលមានរយៈពេល ៥ឆ្នាំ ក្នុងគោលបំណងបង្កើនការយល់ដឹងស្ត្រី និងគ្រួសារ អំពីសិទ្ធិទាក់ទងនឹងសុខភាព ជម្ងឺមិនឆ្លង រួមមានជម្ងឺមហារីកមាត់ស្បូន ជម្ងឺមហារីកសុដន់ មូលដ្ឋានគ្រឹះនៃអាហារូបត្ថម្ភ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមប្រជាជនកម្ពុជា ដែលរស់នៅក្នុងខេត្តគោលដៅចំនួន ៤ខេត្ត គឺខេត្តកំពត ខេត្តកំពង់ចាម ខេត្តសៀមរាប និងខេត្តបាត់ដំបង និងជួយជម្រុញលើកទឹកចិត្តស្ត្រីឲ្យមកទទួលការពិនិត្យរោគវិនិច្ឆ័យជម្ងឺនេះ ដើម្បីស្វែងយល់លម្អិតអំពីជម្ងឺនេះ ក៏ដូចជារបៀបពិនិត្យរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការព្យាបាល និងទទួលបានឱកាសខ្ពស់ក្នុងការជាសះស្បើយ និងសង្គ្រោះជីវិតផងដែរ។

លោកជំទាវរដ្ឋមន្រ្តី កោតសរសើរ និងគាំទ្រដល់ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា មន្ទីរពេទ្យដៃគូ និងដៃគូពាក់ព័ន្ធទាំងអស់ បានផ្តួចផ្តើមក្នុងការបង្កើតយុទ្ធនាការប្រចាំឆ្នាំ Fit for Hope ដើម្បីជួយសង្គ្រោះជីវិតស្ត្រីកម្ពុជារាប់ពាន់នាក់ពីជម្ងឺមហារីកសុដន់។

ទន្ទឹមនេះ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អំពាវនាវដល់សាធារណជន ជាពិសេសស្ត្រី សូមអញ្ជើញទៅពិនិត្យ ស្វែងរកជំងឺមហារីកសុដន់នៅតាមទីតាំង និងកាលបរិច្ឆេទដែលបានកំណត់ក្នុងយុទ្ធនាការ Fit for Hope 2023 ដូចជានៅ AEON សែនសុខ and Factory Phnom Penh and at selected AIA Cambodia partner hospitals in numerous provinces and cities៕

អត្ថបទ៖ អក្ខរា