លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម W.Patrick Mruphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក នៅសារមន្ទីរជាតិភ្នំពេញ ដើម្បីជាការបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិក ក្នុងការអភិរក្ស និងជួសជុលសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ កម្ពុជា គឺជាប្រទេសតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានកិច្ចព្រមព្រៀងនេះ។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាលើកដំបូងកាលពីឆ្នាំ២០០៣។
សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ការបន្តអនុស្សរណៈនៃការយោគយល់គ្នា រយៈពេល៥ឆ្នាំទៀតនេះរវាងកម្ពុជា និងសហរដ្ឋអាមេរិក ទាក់ទងនឹងការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុ ជាតិពន្ធុវិទ្យានៃប្រទេសកម្ពុជា និងកាត់បន្ថយការលួចប្លន់នៃវត្ថុបុរាណដ៏ល្អឯកពីប្រទេសកម្ពុជា។ ការបន្តអនុស្សរណៈនៃការយោគយល់គ្នានេះនឹងបន្តការផ្លាស់ប្ដូរគ្នានូវវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យា សម្រាប់បំណងផ្នែកវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ ដើម្បីផ្សព្វផ្សាយឱ្យសាធារណជនយល់កាន់តែច្បាស់ និងផ្តល់តម្លៃ ដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ក្នុងរយៈពេល២០ឆ្នាំកន្លងមក អនុស្សរណៈនៃការយោគយល់គ្នានេះបានជួយសម្រួលដល់ការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណដ៏មានតម្លៃចំនួនជាង១០០ដុំ និងបានកសាងសមត្ថភាពរបស់ជនជាតិខ្មែរដែលធ្វើការងារថែរក្សា គាំពារបេតិកភណ្ឌវប្បធម៌។
ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ក៏បានប្រកាសផងដែរនូវជំនួយថវិកាចំនួន ៤៥ម៉ឺនដុល្លាររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈមូលនិធិ ឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់បន្តការងារអភិរក្សនៅប្រាសាទភ្នំបាខែង។ នៅក្នុងសុន្ទរកថារបស់ ឯកឧត្តម W. Patrick Murphy បានមានប្រសាសន៍ថា៖ ប្រទេសយើងទាំងពីរមើលឃើញអំពីអំណាចនៃវប្បធម៌ ក្នុងការធ្វើឲ្យមនុស្សមានការរូបរួមគ្នាមួយ។ រដ្ឋអាមេរិកមានមោទនភាពចំពោះការរួមចំណែករបស់ខ្លួន ក្នុងការជួសជុល និងអភិវឌ្ឍមេតិកភណ្ឌ ធម៌នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា «អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលវត្ថុបុរាណរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានលួច និងទទួលទិញដោយ អ្នកធ្វើសមុច្ច័យជាលក្ខណៈឯកជន និងបណ្តាសារមន្ទីរនៅទូទាំងពិភពលោក។ វត្ថុសិល្បៈច្រើនរាប់មិន អស់រួមមាន វត្ថុបុរាណខ្មែរនានា រូបបដិមា គ្រឿងលម្អស្ថាបត្យកម្ម និងវត្ថុសិល្បៈជាប្រភេទ កុលាលភាជន៍ និងធ្វើពីសំរិទ្ធ ត្រូវបានគេលក់ និងនៅបន្តដាក់លក់ដោយខុសច្បាប់នៅលើទីផ្សារវត្ថុ សិល្បៈអន្តរជាតិ។ វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីទប់ស្កាត់ការជួញដូរខុសច្បាប់នូវវត្ថុបុរាណ និងសម្បត្តិវប្បធម៌ គឺអាស្រ័យលើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិរវាងភាគីពាក់ព័ន្ធសំខាន់ៗ។ ដោយផ្អែកលើទីផ្សារលក់វត្ថុសិល្បៈនៅសហរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ណាស់ ក្នុងការប្រឆាំងនឹងការជួញដូរវត្ថុបុរាណខុសច្បាប់»។ លោកជំទាវរដ្ឋមន្ត្រី បានថ្លែអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការបន្តការគាំទ្រការគាំពារ និងអភិរក្សលើវិស័យវប្បធម៌។
សូមជម្រាបថា តាំងពីឆ្នាំ២០០១មក សហរដ្ឋអាមេរិក បានផ្ដល់ជំនួយជាថវិកាជិត ៦លានដុល្លារ សម្រាប់ការអភិរក្សវប្បធម៌នៅកម្ពុជា ដែលរួមមានជំនួយជាថវិកា សម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទព្រះវិហារ ជួយដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បង្កើតបញ្ជីសារពើភណ្ឌតាមប្រព័ន្ធ អនឡាញនៃវត្ថុសិល្បៈនៅសារមន្ទីរតាមខេត្តនានា និងអប់រំផ្សព្វផ្សាយដល់សាធារណជនលើការការពារបេតិកភណ្ឌវប្បធម៌៕
អត្ថបទ៖ អក្ខរា