សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ម៉ារីយា ដែល ខាមេន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងជម្រាបលា នាថ្ងៃទី២៩ខែសីហា នៅវិមាន៧មករា។
ក្នុងជំនួបនេះសម្ដេចតេជោ បានសំដែងសេចក្តីរីករាយចំពោះវត្តមានលោកជំទាវ ដែលបានអញ្ជើញមកជួបជាមួយសម្ដេចមុនពេលដែលលោកជំទាវ ចាកចេញពីកម្ពុជាទៅកាន់ការងារថ្មី ជាឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំស្រីលង្កា និងម៉ាឌីវ ក្រោយពីបានធ្វើការនៅកម្ពុជា រយៈកាលដ៏លំបាក ជាពិសេសក្នុងការប្រយុទ្ធប្រឆាំង នឹងកូវីដ១៩។
សម្ដេចបានសំដែងការពេញចិត្តចំពោះ សហប្រតិបត្តិការសព្វបែបយ៉ាង ថ្វីត្បិតតែយើងមិនបានជួយគ្នាលើគ្រប់បញ្ហាទាំងអស់ក៏ដោយប៉ុន្តែកិច្ចសហប្រតិបត្តិការរបស់យើង មានភាពល្អប្រសើរ ជាពិសេសការប្រៀបប្រឆាំងនិងកូវីដ១៩ ដែលជាមហន្តរាយធំធេង ក្នុងនោះ សហគមន៍អឺរ៉ុប បានផ្ដល់ឲ្យកម្ពុជានូវវ៉ាក់សាំងជាង៩៣ម៉ឺនដូស និងឥណទានជិត ៥០០លានដុល្លារ។
ក្នុងការងារជិត៤ឆ្នាំដ៏លំបាកនេះលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានសំដែងការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដែលទទួលបានពីរាជរដ្ឋាភិបាលក៏ដូចជាពីមន្ត្រីរបស់រដ្ឋាភិបាលទាំងអស់ នូវកិច្ចសហប្រតិ្តការទាំងអស់ទាក់ទងទៅនឹងទំនាក់ទំនងរវាងអាស៊ាននិងសហគមន៍អឺរ៉ុប ។ លោកជំទាវ ក៏បានរំលឹកអំពីការដែលបានជួបជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍បើកចំហពីទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍អឺរ៉ុបបន្តទៀត។
សម្ដេចតេជោ ក៏បានរំលឹក និងថ្លែងអំណរគុណចំពោះការងារដែលបានធ្វើកន្លងមកជាពិសេសការដែលបានជួយក្នុងគ្រោះមន្តរាយកូវីដ១៩ និងទី២ ជួយកសាងស្ថានីយទឹកស្អាត នៅបាក់ខែង ដែលបានជួយឱ្យទីក្រុងភ្នំពេញ និងខេត្ត ជុំវិញមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។
សម្តេចក៏បានរំលឹកអំពីកិច្ចប្រជុំកំពូលអាសឹម បានធ្វើអនឡាញប្រសិនបើគ្មានកិច្ចសាប្រតិបត្តិការដ៏ល្អទេគឺយើងមិនអាចធ្វើបានដោយរលូន និងប្រកបដោយជោគជ័យ ក្នុងការសម្របសម្រួលជាពិសេសលើចំហររបស់មីយ៉ាន់ម៉ា ។
សម្តេចបានរំលឹកអំពីជំនួបជាហូរហែនាពេលកន្លងមករវាងកម្ពុជា និងសហគមន៍អឺរ៉ុប នៅព្រុចសែល តាំងពីឆ្នាំ២០២២កន្លងមកហើយសម្ដេចមានប្រសាសន៍ថា យើងគួរបន្តកិច្ចសហប្រតិបត្តិការបំពេញឲ្យគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌអាស៊ាន និងសហគមន៍អឺរ៉ុបផងដែរ ផលប្រយោជន៍ជាងយើងធ្វើការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ។
លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ មានប្រសាសន៍ថា កម្ពុជាមានបទពិសោធន៍ច្រើនក្នុងការផ្សះផ្សារជាតិ ខុសពីប្រទេសស្រីលង្កា ហើយក្រៅពីនោះកម្ពុជាមានបទពិសោធន៍ច្រើនលើវិស័យផ្សេងៗ ដូចជាវិស័យបោសសំអាតគ្រាប់មីន សិទ្ធមនុស្ស ស្រ្តី។ លោកជំទាវបន្តថា លោកជំទាវនឹងមានឱកាសជួបសម្តេចនៅប្រទេសស្រីលង្កានាពេលខាងមុខ។ ជាការឆ្លើយតបសម្តេចមានប្រសាសន៍ថា សម្តេចខកខាងអញ្ជើញទៅប្រទេសស្រីលង្ការយៈពេល៤០ឆ្នាំមកហើយ ហើយកាលពី៤០ឆ្នាំមុន ស្រីលង្កាមានការរីកចំរើនលូតលាស់ជាងប្រទេសកម្ពុជាឆ្ងាយណាស់ ប៉ុន្តែស្រីលង្កាពេលនេះបានជួបនូវវិបត្តិសេដ្ឋកិច្ច មានការដូលរលំខាងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ៕