អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសមួយដើម្បីពន្យល់សាធារណជនឱ្យបានជ្រាបច្បាស់ចំពោះអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញ “ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី«60CC»ឡើងទៅ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និងអនាគត» ។
ការចេញពន្យល់នេះ ក្រោយពីការដកស្រង់ពុំបានពេញលេញស៊ីជម្រៅ និងផ្សព្វផ្សាយអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឱ្យមតិសាធារណៈមានការយល់ច្រឡំ និងសម្ដែងទស្សនៈផ្សេងៗ។
ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានពន្យល់ថា ជាស្មារតីអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ទី១. លោកចង់សង្កត់ធ្ងន់ថា ជាការសិក្សាឡើងវិញនូវបទពិសោធន៍ដែលបានអនុវត្តកន្លងទៅ និងលទ្ធផលដែលទទួលបានពីការអនុវត្តនោះ។ ទី២. ការសិក្សានេះ គឺសម្រាប់អនុវត្តនាពេលអនាគត ពោលគឺប្រសិនការសិក្សារកឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងលើអ្នកប្រើប្រាស់ទោចក្រយានយន្ត (ម៉ូតូ) មានអត្រាច្រើនគួរកត់សម្គាល់នោះ ក្រសួងមហាផ្ទៃ នឹងលើកមូលដ្ឋាននេះ ដើម្បីស្នើពិភាក្សាជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសមត្ថកិច្ចសម្រេចនិងធ្វើប័ណ្ណបើកបរ។ ទី៣. ជារួម ពុំមែនជាលក្ខខណ្ឌដាច់ខាត ឱ្យតែម៉ូតូមានកម្លាំងចាប់ពី «60CC» ឡើង គឺសុទ្ធតែតម្រូវឱ្យមានប័ណ្ណបើកបរនោះទេ ពោលគឺត្រូវពិនិត្យទៅតាមប្រភេទនៃយាននោះផងដែរ ដូចជា ប្រភេទ ក, ខ,…ជាដើម និងត្រូវគិតគូរអនុវត្តជាជំហានៗបែបណាឱ្យស្របតាមស្ថានភាពសង្គមជាក់ស្ដែង។
តាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងមួយថ្ងៃៗក្រសួងធ្វើផ្លាកលេខម៉ូតូជូនម្ចាស់កម្មសិទ្ធិជាង ១០០០គ្រឿងគិតជាលេខមូល បើប្រៀបធៀបនឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅឯប្រទេសបារាំង គឺមានអ្នកស្លាប់តែជាង៨០០នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំៗ លើប្រជាជនប្រមាណ៦៨លាននាក់។ ជាផែនការ ឯកឧត្តមអភិសន្តិបណ្ឌិត មានទស្សនវិស័យ “កាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅចំនួនមួយទាបបំផុតនាថ្ងៃអនាគត”។
ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា អនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត គឺជាផែនការសម្រាប់អនាគត ដោយចាប់ផ្តើមគិតគូរពីថ្ងៃនេះទៅ និងជាក្តីបារម្ភអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាតទ្រព្យសម្បត្តិ របួសស្នាមរាងកាយ និងបាត់បង់អាយុជីវិតរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះតែប៉ុណ្ណោះ។ ពោលគឺពុំទាន់មានការកំណត់កាលវេលាជាក់លាក់ក្នុងការអនុវត្តឡើយ។ សំណួរសួរថា តើចង់បណ្តោយឱ្យប្រជា-ពលរដ្ឋស្លាប់ក្នុងមួយឆ្នាំៗប្រមាណ២០០០នាក់ ឬយ៉ាងណា? ប្រសិនបើមិនចង់ទេ លុះត្រាតែរួមគិតរិះរកគ្រប់យន្តការដើម្បីទប់ស្កាត់ពីឥឡូវនេះតទៅ៕
អត្ថបទ៖ អក្ខរា