រដ្ឋមន្ត្រីក្រសួងការងារប្តេជ្ញាខិតខំអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រឱ្យស្របតាមកម្មវិធីអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញការប្តេជ្ញាប្តេជ្ញាខិតខំអភិវឌ្ឍនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍   វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យមានភាពគ្រប់ជ្រុងជ្រោយ ស្របតាមកម្មវិធីអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល និងចាត់ទុកគ្រប់ភាគីពាក់ព័ន្ធទាំងអស់គឺជាដៃគូដ៏ល្អ។

 ក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មករនិយោជិត តាមរោងចក្រនៅថ្ងៃទី២៩ខែសីហា នេះលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាក្រសួងនឹងខិតខំអភិវឌ្ឍសមត្ថភាពមន្ត្រីក្រោមឱវាទរបស់ខ្លួនឱ្យក្លាយទៅជាមន្ត្រី ដែលមានក្រមសីលធម៌ខ្ពស់ ចំណេះដឹងច្បាស់លាស់ បំពេញតួនាទីប្រកបដោយវិជ្ជាជីវៈ ជើងជាប់ដី រហ័សរហួនវៀងវៃក្នុងការសហការជាមួយគ្រប់ស្ថាប័ន ភាគីពាក់ព័ន្ធដោះស្រាយបញ្ហានានាឱ្យបានលឿន។

ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ត្រីក្រសួងការងារបាន ប្រកាសគាំទ្រ និងត្រៀមខ្លួនចូលរួមអនុវត្តយ៉ាងពេញទំហឹង ប្រកបដោយភក្តីភាពចំពោះរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីអាទិភាពគន្លឹះនានា ដែលបានកំណត់ដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្រ្តី ជាពិសេសរាល់កម្មវិធី និងសកម្មភាពអាទិភាពទាំងឡាយដែលពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាថាបងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ ព្រមទាំងបងប្អូនដែលធ្វើការនៅក្រៅប្រទេសទទួលបាននូវសិទ្ធិ អត្ថប្រយោជន៍ កិត្តិយស សេចក្តីថ្លៃថ្នូរ និងការគាំពារកាន់តែប្រសើររឹងមាំជាងមុន រីឯនិយោជក និងវិស័យឯកជនក៏ទទួលបាននូវការពារដោយស្មើភាពចំពោះមុខច្បាប់ គ្រប់រោងចក្រ សហគ្រាសនឹងក្លាយទៅជាសហគមន៍សុខសាន្តមួយ ដែលកម្មករនិយោជិត និងនិយោជកចេះគោរពគ្នា អធ្យាស្រ័យគ្នា ប្រកាន់យកគោលការណ៍ឈ្នះ-ឈ្នះជាធំ មិនយកការចាញ់ឈ្នះជាគោលក្នុងការដោះស្រាយវិវាទ ឬបញ្ហា។

បើយោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាស ចំនួន ៩ ៣២៣ មានកម្មករនិយោជិតប្រមាណជាង ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង ២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាស   វិស័យកាត់ដេរចំនួន ៧៣៤ មានកម្មករនិយោជិតសរុបជិតប្រមាណជាង ៣៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង ១ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ហើយរាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចទីមួយ និងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស ច្រើនជាងគេ៕

អត្ថបទ៖សារេត