នាយករដ្ឋមន្ត្រី អំពាវនាវអ្នកវិភាគទាំងឡាយកុំមើលងាយគេពេក

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រសហគ្រាសនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារទី២៩ ខែសីហានេះ។

នៅចំពោះមុខកម្មករ កម្មការិនី និងអង្គទូតដែលបានអញ្ជើញចូលរួម ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើការអំពាវនាវដល់បញ្ញវ័ន្តអ្នកវិភាគទាំងឡាយកុំមើលងាយគេពេក ប៉ុន្ដែត្រូវត្រូវវិភាគរិះគន់ដើម្បីស្ថាបនា។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត មានប្រសាសន៍ អ្នកខ្លះអង្គុយតែវិភាគមើលងាយគេ ប៉ុន្ដែមិនបានយល់អ្វីដែលជាគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលក៏ដូចជាគណបក្សប្រជាជនកម្ពុជាឡើយ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «គោលនយោបាយរបស់រាជរដ្ឋាភិបាលពីមុន មាន មនុស្ស ទឹក ផ្លូវ ភ្លើង ប៉ុន្ដែឥឡូវរាជរដ្ឋាភិបាលត្រូវអភិវឌ្ឍបន្ថែមនូវគោលនយោបាយទំនើបជាពិសេសប្រព័ន្ធបច្ចេកវិទ្យាឌីជីថល»។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺមិនមែនជាគោលនយោបាយឆក់កណ្ដៀត ដូចគណបក្សនយោបាយមួយចំនួនដែលមានភាពមិនច្បាស់លាស់នោះទេ។ ប៉ុន្ដែគោលនយោបាយរបស់គណបក្សប្រជាជន គឺជាគោលនយោបាយច្បាស់លាស់ គ្រប់ជ្រុងជ្រោយ មាននិរន្តរភាព និងមានរយៈពេលយូរអង្វែងសម្រាប់អភិវឌ្ឍជាតិមាតុភូមិ៕