ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលជួបសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីកសិកម្ម, ស្បៀង និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ឯកឧត្តម ឆុង វ៉ាងគឺន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា លើកទី១ ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីបង្ហាញអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ នៅក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត។
ក្នុងជំនួបនេះ ឯកឧត្តម ឆុង វ៉ាងគឺន បានគូសបញ្ជាក់អំពីភាពជាដៃគូដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ទាំងក្នុងន័យកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានផ្សារភ្ជាប់ឡើងវិញចាប់ពីចុងទសវត្សរ៍៩០។ ឯកឧត្តមក៏បានកត់សម្គាល់ផងដែរអំពីសក្តានុពលដ៏ធំធេងរបស់កម្ពុជា ដូចជាកត្តាធនធានធម្មជាតិ, កត្តាប្រជាសាស្រ្ត និងជាពិសេស ការដឹកនាំរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ដែលនឹងធ្វើឱ្យវិស័យកសិកម្ម ក៏ដូចជាវិស័យសំខាន់ៗដទៃទៀត មានវឌ្ឍនភាពល្អប្រសើរ នាពេលអនាគតខាងមុខ។
ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានអរគុណចំពោះភាគីកូរ៉េ ដែលតែងផ្តល់ការគាំទ្រ និងយកអាសារដល់ពលករកម្ពុជានៅកូរ៉េ តាមរយៈមណ្ឌលគាំពារការងារ ដែលផ្តល់សេវាគាំពារដល់កម្មករគ្រប់ប្រទេស ដោយរាប់ទាំងពលករកម្ពុជា។ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ក៏បានបង្ហាញផងដែរអំពីជំហរគាំទ្ររបស់កម្ពុជា ចំពោះបេក្ខភាពកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន។
ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានស្នើភាគីកូរ៉េជំរុញការវិនិយោគមកកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម ដែលសម្រាប់បម្រើឱ្យការនាំចេញ។ ភាគីទាំងពីរ ក៏បានឯកភាព ក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយឯកឧត្តម ឆុង វ៉ាងគឺន មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំជាប្រវត្តិសាស្រ្តរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត កម្ពុជានឹងកាន់តែរីកចម្រើនលើគ្រប់វិស័យ៕