ត្រីភាគី បន្តចរចាប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត សម្រាប់ឆ្នាំ២០២៤

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានបើកកិច្ចពិភាក្សាពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។

កិច្ចប្រជុំដំបូងបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែសីហាកន្លងទៅ ប៉ុន្តែភាគីទាំង៣ ដែលមានភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក មិនទាន់បញ្ចេញតួលេខនៅឡើយទេ។

តាមគម្រោង បន្ទាប់ពីកិច្ចប្រជុំនៅព្រឹកថ្ងៃទី២៨ ខែសីហានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នឹងរៀបចំកិច្ចប្រជុំបន្ទាប់, ថ្ងៃទី៤, ថ្ងៃទី១១, ថ្ងៃទី១៨, ថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។

គួរជម្រាបថា នៅក្នុង២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀក​បំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០០ដុល្លារក្នុងមួយខែ ហើយ ប្រសិនបើបូកនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២១៧ ទៅ ២២៨ដុល្លារអាម៉េរិកក្នុងមួយខែ៕

អត្ថបទ៖ អក្ខរា