តបទៅនឹងការផ្សាយព័ត៌មានតាមគេហទំព័ររបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ (RFA Khmer) កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្រោមចំណងជើងថា «ពលរដ្ឋសោកស្តាយព្រែកមួយដែលខ្មែរ ក្រហមជីក បាត់បង់ទៅវៀតណាមក្រោយបោះបង្គោលព្រំដែន» លេខាធិការដ្ឋានអចិន្ត្រៃយ៍នអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន សូមប្រកាសបដិសេធនិងច្រានចោលទាំងស្រុង និងសម្ដែងការសោកស្ដាយ ជាទីបំផុតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ខ្វះការយល់ដឹង ធ្វើឡើងក្នុងចេតនាទុច្ចរិត និងបំភាន់សាធារណជនជាតិនិងអន្ដរជាតិ។
ក្នុងសេចក្តីប្រកាសបដិសេធព័ត៌មាន នៅថ្ងៃទី២៧ ខែសីហា លេខាធិការដា្ឋនអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន សូមធ្វើការបំភ្លឺនិងបញ្ជាក់ ជូនសាធារណជនជាតិ-អន្តរជាតិ និងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ដូចតទៅ៖
១. ព្រែកមួយខ្សែដែលវិទ្យុអាស៊ីសេរីបានលើកឡើងក្នុងគេហទំព័ររបស់ខ្លួននោះ មានឈ្មោះថា «ព្រែកកំពង់ស្នាយ» គឺជាព្រែកដែលមានបង្ហាញនៅលើផែនទីបោនខ្នាត ១/១០០ ០០០ របស់ ក្រុមភូមិសាស្ត្រឥណ្ឌូចិន ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ផ្អែកតាមផែនទីបោននេះ ខ្សែព្រំដែនដើរតាមច្រាំងព្រែក ខាងកម្ពុជា ប៉ុន្តែរាជរដ្ឋាភិបាលបានខិតខំចរចាយ៉ាងស្វិតស្វាញជាមួយភាគីវៀតណាមរហូត សម្រេចបានខ្សែព្រំដែនដើរតាមពាក់កណ្តាលព្រែកវិញ(បន្ទាត់ទ្រូងនៃផ្លូវទឹក) ស្របតាម
គោលការណ៍ច្បាប់និងការអនុវត្តអន្តរជាតិ ដូចមានចែងក្នុងប្រការ១នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រែក មានសិទ្ធិពេញលេញក្នុងការប្រើប្រាស់ទឹក ការធ្វើនាវាចរណ៍ និងការនេសាទជាដើម។ល។
២. បង្គោលព្រំដែនបំពេញបន្ថែមលេខ229/11(1) ដែលវិទ្យុអាស៊ីសេរីបានលើកឡើងនោះ ជា បង្គោលមួយក្នុងចំណោមបង្គោលទាំងបីដែលត្រូវបោះនៅចំណុចផ្លូវទឹកបែកជាបី បង្គោល ត្រី) ក្នុងនោះបង្គោលលេខ229/11(1) បានបោះនៅច្រាំងព្រែកខាងកម្ពុជា ចំណែកឯបង្គោល លេខ229/11(2) និង 229/11(3) បានបោះនៅច្រាំងព្រែកខាងវៀតណាម ដូចមានបង្ហាញលើផែនទីភ្ជាប់ជូនមកជាមួយ។ សូមបញ្ជាក់ជូនបន្ថែមថា ទោះបីជាបង្គោលទាំងបីត្រូវបាន បោះនៅលើច្រាំងព្រែកនៃភាគីទាំងពីរក៏ដោយ ក៏ខ្សែបន្ទាត់ព្រំដែនដើរតាមពាក់កណ្ដាលព្រែក
កំពង់ស្ពាយដដែល។
៣. ដូចគ្នានេះដែរ ចំពោះបង្គោលព្រំដែនបំពេញបន្ថែមលេខ229/10(1) គឺជាបង្គោលមួយក្នុង ចំណោមបង្គោលពីរ(បង្គោលភ្លោះ) ដែលត្រូវបោះនៅសងខាងច្រាំងព្រែកកំពង់ស្ពាយ ក្នុង នោះបង្គោលលេខ229/10(1) បានបោះនៅច្រាំងព្រែកខាងកម្ពុជា ចំណែកឯបង្គោលលេខ 229/10(2) បានបោះនៅច្រាំងព្រែកខាងវៀតណាម ដូចមានបង្ហាញលើផែនទីភ្ជាប់ជូនមក ជាមួយ។ សូមបញ្ជាក់ជូនបន្ថែមថា ទោះបីជាបង្គោលទាំងពីរត្រូវបានបោះនៅលើច្រាំងទាំង សងខាងព្រែកក៏ដោយ ក៏ខ្សែបន្ទាត់ព្រំដែនដើរតាមពាក់កណ្ដាលព្រែកកំពង់ស្នាយដដែល។
ជាថ្មីម្តងទៀត ផ្អែកតាមមូលដ្ឋានផ្លូវច្បាប់និងមូលដ្ឋានបច្ចេកទេសដូចបានបញ្ជាក់ជូនខាងលើ លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន សូមប្រកាសបដិសេធចោល ទាំងស្រុង ចំពោះព័ត៌មានមិនពិត ក្លែងក្លាយ ដែលបានផ្សព្វផ្សាយដោយវិទ្យុអាស៊ីសេរី និងអំពាវនាវដល់ សាធារណជនជាតិ-អន្តរជាតិនិងជនរួមជាតិទាំងអស់កុំជឿនិងកុំចែកចាយព័ត៌មានក្លែងក្លាយទាំងនេះព្រមទាំងលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយនិងចែកចាយសេចក្ដីបំភ្លឺនេះ ឱ្យបានទូលំទូលាយ ដើម្បីឱ្យមហាជនបានយល់ជ្រួតជ្រាបអំពីការពិតលើបញ្ហានេះ៕