ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យានៃអគ្គនាយកដ្ឋានបេតិកភណ្ឌដឹកនាំដោយលោក ណៃ សុភា បានសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋានឃុំបារាយណ៍ និងប្រជាពលរដ្ឋរស់នៅជុំវិញបុរាណស្ថាន ចុះទៅផ្ទៀងផ្ទាត់និងកំណត់ដែនរក្សាការពារបុរាណស្ថានចំនួន៥៥ នៅក្នុងឃុំបារាយណ៍ស្រុកស្រីសន្ធរខេត្តកំពង់ចាម បានដោយជោគជ័យគួរជាទីមោទនភាព។
អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងភូមិសាស្រ្តឃុំបារាយណ៍ បានបង្ហាញក្ដីសោមនស្សរីករាយនិងថ្លែងអំណរគុណដល់ក្រុមការងារចំពោះការងារដ៏ប្រពៃ និងមានសារៈសំខាន់នេះ ដែលជួយឱ្យពួកគាត់បានស្គាល់ទីតាំងស្ថានីយទាំងអស់ច្បាស់ជាងមុនមានការងាយស្រួលក្នុងការគ្រប់គ្រងល្បាត និងថែរក្សាជាពិសេសការចុះបញ្ជីដីធ្លីជាប្រព័ន្ធតែម្តង ក្នុងនោះដែរ បានសន្យានឹងចូលរួមថែរក្សាការពារទប់ស្កាត់ការពារលួចជីកឈូសឆាយស្ថានីយបុរាណក្នុងភូមិសាស្រ្តឃុំឱ្យខានតែបានចាប់ពីពេលនេះតទៅ៕