រាជរដ្ឋាភិបាលកម្ពុជា បើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ។
ក្នុងកិច្ចប្រជុំនេះ គណៈរដ្ឋមន្រ្តីសម្រេចកែសម្រួលឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៩៩មកនោះ មកជា «ក្រសួងអធិការកិច្ច» វិញ។
សេចក្តីប្រកាសព័ត៌មានពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូងនេះ បានឲ្យដឹងថា នៅឆ្នាំ១៩៩៩ រាជរដ្ឋាភិបាលបានបង្កើតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងគោលបំណងលើកកម្ពស់និងពង្រឹងអភិបាលកិច្ច ដើម្បីធានាប្រសិទ្ធភាព សុចរិតភាព មនសិការវិជ្ជាជីវៈ វិន័យការងារ និងភាពស្អាតស្អំរបស់រដ្ឋបាលសាធារណៈ ព្រមទាំងបានចូលរួមចំណែកទប់ស្កាត់ ប្រយុទ្ធប្រឆាំង កាត់បន្ថយ និងឈានទៅលុបបំបាត់អំពើពុករលួយ។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ដោយយោងតាមសាវតារលើវិស័យអធិការកិច្ច និងភាពចាំបាច់របស់រាជរដ្ឋាភិបាលក្នុងការប្រគល់ តួនាទីភារកិច្ចលើវិស័យទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាជូនស្ថាប័ននានា ការប្តូរឈ្មោះក្រសួងជា «ក្រសួងអធិការកិច្ច» ពិតជាឆ្លើយតបនឹង (១) កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, (២) ស្មារតីនៃកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣, និង (៣) បំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ត្រូវបានរៀបចំឡើងចំនួន ១០មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។
ក្រសួងអធិការរកិច្ចសម្រាប់អាណត្តិទី៧នេះ គឺដឹកនាំដោយរដ្ឋមន្រ្តី លោក ហ៊ួត ហាក់ បន្តពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច៕