លោក ប្រាយុទ្ធ ចាន់អូចារ ដែលជាអតីតមេដឹកនាំយោធាថៃ បានប្រាប់ឲ្យលោក Srettha Thavisin ទើបជាប់ជានាយករដ្ឋមន្រ្តីថៃថ្មី ធ្វើចិត្តឲ្យស្ងប់ មានភាពអត់ធ្មត់ ការពារទឹកដី និងរាជាធិបតេយ្យ។
ការណែនាំរបស់លោក ប្រាយុទ្ធ ចាន់អូចារ គឺនៅក្នុងពេលនាយករដ្ឋមន្រ្តីថ្មី Sretha Thavisin ចូលរួបពិភាក្សាការងារនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ។
បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters នៅក្នុងជំនួបនោះ លោក Srettha មានបំណងចង់សុំយោបល់ពីនាយករដ្ឋមន្ត្រីចាំផ្ទះ ក្នុងការសម្រេចរុះរើគណៈរដ្ឋមន្ត្រី ដោយសារបក្សចម្រុះរបស់គណបក្សភឿថៃ មានរហូតដល់ ១១គណបក្ស ដូច្នេះការរៀបចំគណៈរដ្ឋមន្ត្រីថ្មី មិនមែនជារឿងងាយស្រួលនោះឡើយ។
ជាមួយគ្នានោះ បណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនកំពុងរង់ចាំមើលពីតំណែងសំខាន់ៗ នៃគណៈរដ្ឋមន្ត្រីថ្មី ដោយក្នុងនោះមានមួយចំនួនសន្និដ្ឋានថា លោក Srettha នឹងកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុដោយខ្លួនឯងថែមទៀតផង។ រដ្ឋាភិបាលថ្មី នឹងត្រូវប្រាប់ពីគោលបំណងនៃគោលនយោបាយរបស់ពួកគេ ទៅកាន់សម័យប្រជុំសភាម្ដងទៀត មុនពេលចាប់ផ្ដើមបំពេញការងារនាចុងខែកញ្ញានេះ៕