គណៈរដ្ឋមន្រ្តីថ្មី ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មិនមែនមានសុទ្ធតែកូនអ្នកធំទេ ក៏មានប្រភពចេញពីក្មេងកំព្រា និងគ្រប់សមាសសភាពដែរ។ ជាក់ស្តែង ឯកឧត្តម នេត្រ ភក្ត្រា គឺជាអតីតកុមារកំព្រា ដែលពេលនេះត្រូវបានបញ្ចូលទៅក្នុងសមាសភាពរាជរដ្ឋាភិបាល អាណត្តិទី៧ កាន់តួនាទីជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២២ ខែសីហា។
ឯកឧត្តម នេត្រ ភក្ត្រា ជាកូនកសិករ មានស្រុកកំណើតនៅភូមិទោង ឃុំសួង ស្រុងត្បូងឃ្មុំ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ឯកឧត្តម នេត្រ ភក្ត្រា បានប្រឡងជាប់សញ្ញាប័ត្រមធ្យម សិក្សាទុតិយភូមិ ហើយចាកចេញពីស្រុកកំណើតទៅបន្តការសិក្សានៅរាជធានីភ្នំពេញ។ នៅពេលមកដល់រាជធានីភ្នំពេញ ឯកឧត្តមមិនមានលទ្ធភាពក្នុងការជួលផ្ទះគេស្នាក់នៅទេ ដោយឯកឧត្តមបានទៅនៅជាមួយព្រះសង្ឃវត្តកោះ អស់រយៈពេល១០ឆ្នាំ(១៩៩៩-២០០៨) ដើម្បីបានបន្តការសិក្សារៀនសូត្រ។ អំឡុងការស្នាក់នៅវត្ត ឯកឧត្តមបានបន្តការសិក្សានៅវិទ្យាស្ថានភាសារបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រោយការសិក្សារនៅទីនេះរយៈពេល ៤ឆ្នាំ ឯកឧត្តមមានជំនាញចំនួនពីរគឺ ជំនាញផ្នែកសារព័ត៌មាន និងជាសាស្ត្រាចារ្យភាសារបារាំង។
ឯកឧត្តម នេត្រ ភក្ត្រា ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជារដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងអាណត្តិទី៦។ ទោះជាមានតួនាទីក្នុងជួរដ្ឋាភិបាលក៏ដោយ ឯកឧត្តម នេត្រ ភក្ត្រា ក៏នៅមានកិច្ចការងារមួយទៀតគឺ ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម។
អតីតអ្នកកាសែតរូបនេះ ធ្លាប់បានបម្រើការងារនៅស្ថាប័នសារព័ត៌មានជាច្រើន ដូចជា បម្រើការនៅទូរទស្សន៍ជាតិកម្ពុជា ជាអ្នករាយការណ៍ព័ត៌មានប្រចាំខេត្តសៀមរាបឱ្យកាសែតសំណេរថ្មី ជានិពន្ធនាយកកាសែតមេគង្គថែម និងក្រោយមកជានាយកគ្រប់គ្រងការីនិពន្ធផ្នែកភាសាខ្មែរ នៅកាសែតភ្នំពេញប៉ុស្ដិ៍។ ឯកឧត្តមត្រូវបានគេទទួលស្គាល់ថា ជាអ្នកជំនាញសារព័ត៌មាន ប្រកបដោយបទពិសោធ និងចំណេះដឹង ហើយមានភាពប៉ិនប្រសប់លើការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ។
ធ្លាប់ឆ្លើយសំណួរបស់អ្នកកាសែតដែលសួរថាតើធ្វើដូចម្តេចដើម្បីឲ្យជីវិតទទួលបានជោគជ័យ? ឯកឧត្តម នេត្រ ភក្ត្រា លើកឡើងថាទាល់តែមានផែនការច្បាស់លាស់ ការតស៊ូហើយការគិតគូរបានត្រឹមត្រូវ៕
អត្ថបទ៖ អក្ខរា