ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅឯវិមានសន្តិភាព។ កិច្ចប្រជុំនោះ នឹងមានថ្លែងសារពាក់ព័ន្ធអំពី “គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨” ។
ជាមួយគ្នានោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអំពាវនាវអោយបងប្អូន អ៊ំ ពូ មីង លោកតា លោកយាយទាំងអស់ រង់ចាំទស្សនាការផ្សាយផ្ទាល់ ទាំងស្រុងនៅលើផេកផ្លូវការ Dr. Hun Manet, Prime Minister of Cambodia ចាប់ពីម៉ោង ៨ព្រឹកតទៅ។
ក្រសួងព័ត៌មាន ក៏បានជូនដំណឹង ដល់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា រួមនឹងបណ្តាញព័ត៌មានសង្គមផ្សេងទៀតរបស់ខ្លួន ពីការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះផងដែរ។
ក្រសួងព័ត៌មានបានស្នើសូម ដល់ប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិទាំងអស់ ចូលរួមផ្សាយបន្តផ្ទាល់ពីវិទ្យុនិងទូរទស្សន៍ជាតិកម្ពុជា ស្តីពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានេះ ឲ្យបានទូលំទូលាយ ជូនដល់សាធារណជនបានជ្រាបពីគោលនយោបាយ របស់រាជរដ្ឋាភិបាលថ្មីនៃកម្ពុជានេះ៕
អត្ថបទ៖ អក្ខរា