“ដោយការស្រុះស្រួលគ្នា បងប្អូនអាជីវករ និងអាជ្ញាធរមូលដ្ឋាន សម្រេចរៀបចំសណ្តាប់ធ្នាប់នៅឆ្នេរព្រែកត្រែង”។ នេះបើតាមការឲ្យដឹងពីឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ។
សូមជម្រាបថា រដ្ឋបាលក្រុងព្រះសីហនុ បានជូនដំណឹងពីការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងអនាម័យបរិស្ថាន នៅឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ រដ្ឋបាលក្រុងព្រះសីហនុ ប្រាប់ដល់ប្រជាពលរដ្ឋមួយចំនួនដែលបានសង់រោង តូប និងបានដាក់កញ្ចុះចល័តមិនរៀបរយ នៅលើដីឆ្នេរសាធារណៈ ស្ថិតនៅឆ្នេរព្រែកត្រែង បញ្ឈប់រាល់សកម្មភាពសាងសង់សំណង់ផ្សេងៗ នៅលើដីចំណីឆ្នេរព្រែកត្រែងចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងត្រូវធ្វើការរុះរើសំណង់មិនរៀបរយដោយស្ម័គ្រចិត្ត និងជញ្ជូនយកចេញឱ្យអស់ពីទីតាំង នៅមុនថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ជាកំហិត។
ការសង់សំណង់មិនរៀបរយរបស់ប្រជាពលរដ្ឋ បានធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងអនាម័យបរិស្ថាននៅតាមតំបន់ឆ្នេរ ស្របពេលដែលខេត្តព្រះសីហនុ កំពុងទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងមានភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្តកើនឡើងជាបន្តបន្ទាប់។
គោលបំណងរៀបចំឆ្នេរព្រែកត្រែង ឱ្យក្លាយជាឆ្នេរសាធារណៈសម្រាប់សាធារណជន មកលេងកម្សាន្តដោយមិនមានការបង់ប្រាក់ ព្រមទាំងរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ មានសោភ័ណភាព និងអនាម័យបរិស្ថានល្អ។ នេះបើតាម រដ្ឋបាលក្រុងព្រះសីហនុ៕
អត្ថបទ៖ អក្ខរា