ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែសីហានេះ បានចុះសួរសុខទុក្ខ និងហូបអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រម៉េងដា ស្ថិតនៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ។
ក្នុងនោះបងប្អូនកម្មករបានស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះកម្មករនិយោជិតព្រោះថា វត្តមានរបស់លោកគឺមួយថ្ងៃក្រោយការចូលកាន់តំណែងជាថ្នាក់ដឹកនាំរបស់ក្រសួង។
បន្ថែមពីនេះ ក្រោយការទទួលទានអាហាររួច ឯកឧត្តមរដ្ឋមន្ត្រីក៏បានសួរសុខទុក្ខបងប្អូនកម្មករនៅកន្លែងធ្វើការផងដែរ។
បើតាមការបង្ហោះខ្លឹមសារ នៅលើគណនីហ្វេសប៊ុក នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ថា «ថ្ងៃដំបូងបានមកមើលសកម្មភាពផលិតស្បែកជើង និងបានហូបបាយជាមួយបងប្អូនកម្មករនិយោជិត ដែលធ្វើការនៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅផ្លូវវេងស្រេង។ បច្ចុប្បន្នរោងចក្រនេះមានកម្មករនិយោជិតសរុបជាង ៣ពាន់នាក់ ក្នុងនោះមានបងប្អូនកម្មការិនី ដែលកំពុងមានផ្ទៃពោះចំនួន ១៦០នាក់ និងជនដែលមានពិការភាពចំនួន ៤៣នាក់។
បងប្អូនកម្មករនិយោជិតនៅទីនេះធ្លាប់ជួបជាមួយ សម្តេចពុក ហ៊ុន សែន កាលពីឆ្នាំ ២០១៨ ហើយបងប្អូនដែលជារដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ក៏ធ្លាប់បានជួបជាមួយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៣នេះផងដែរ។ បងប្អូនដែលខ្ញុំបានជួប គឺនឹករឭកដល់ សម្តេចពុក ហ៊ុន សែន ហើយចងចាំជានិច្ចនូវរូបភាពដ៏ស្និទ្ធស្នាល និងកក់ក្ដៅ ដែលសម្តេចពុកបានចុះជួបបងប្អូនកម្មករនាពេលកន្លងទៅ។ បងប្អូនក៏រំពឹងថានឹងបានជួប បងប្រុស ហ៊ុន ម៉ាណែត ដ៏ស្វាហាប់ ម៉ឺងម៉ាត់ និងមានជ័យរបស់គេក្នុងពេលឆាប់ៗនេះផងដែរ។
រសជាតិម្ហូបនៅរោងចក្រនេះគឺឆ្ងាញ់ និងមានអនាម័យល្អ អាចទទួលយកបានជាគំរូមួយ។
ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង រួមទាំងអ្នកគ្រប់គ្រងរោងចក្រនីមួយៗ ត្រូវចុះមកជួប និងហូបបាយជាមួយបងប្អូនឱ្យបានញឹកញាប់ដើម្បីសាករសជាតិម្ហូប លក្ខខណ្ឌអនាម័យ និងរកវិធីសាស្ត្រកែលម្អឱ្យកាន់តែប្រសើរ ឬយកធ្វើជាគំរូទៅកន្លែងផ្សេង។
នៅរោងចក្រនេះ មានសហជីពមូលដ្ឋាន រហូតដល់ទៅជាង ២០សហជីព។ ទំនាក់ទំនងរវាង សហជីពមូលដ្ឋាន និងអ្នកគ្រប់គ្រងគឺអាចចរចា និងដោះស្រាយការងារជាមួយគ្នាបាន
សុំទោសបងប្អូនផង ដែលខ្ញុំបានចុះទៅដោយមិនបានប្រាប់មុន!»៕
អត្ថបទ៖ អក្ខរា