ឯកឧត្តម នេត សាវឿន និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្តមាន

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការកំណត់របៀបរបបការងារ និងការបងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ក្នុងចំណោមឧបនាយករដ្ឋមន្ត្រីចំនួន ១០រូប គឺឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ត្រូវបានសម្រេចឲ្យទទួលភារកិច្ចទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទី ពេលនាយករដ្ឋមន្ត្រីអវត្ដមាន ។

ក្នុងសេចក្តីសម្រេចចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ថា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្តមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្របខណ្ឌអន្តរក្រសួង ជួយនាយករដ្ឋមន្ត្រីក្នុងការសម្របសម្រួលដឹកនាំកម្លាំងគ្រប់ប្រភេទ ដើម្បីការងារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ, ទទួលសិទ្ធិពីនាយករដ្ឋមន្ត្រីក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពេលនាយករដ្ឋមន្ត្រីអវត្ដមាន, ជួយតម្រង់ទិសដល់អាជ្ញាធរ គណៈកម្មាធិការ ក្រុមប្រឹក្សាដែលចំណុះឱ្យរាជរដ្ឋាភិបាល តាមការប្រគល់សិទ្ធិរបស់នាយករដ្ឋមន្ត្រី ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្ម ពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។

ចំណែកឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អវត្តមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានគណៈកម្មការគោលនយោបាយ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន៕

អត្ថបទ៖ អក្ខរា