ឯកឧត្តម ប្រាក់ សុខុន រំជួលចិត្តក្នុងរយៈពេលជាង ៤៤ឆ្នាំ ដែលធ្វើការជូនរដ្ឋ និងក្រោយ ៧ឆ្នាំ ជារដ្ឋមន្ត្រីការបរទេស

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តម បានលើកឡើងថា ពីម្សិលមិញ រដ្ឋសភាជាតិបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់គណៈរដ្ឋមន្តី ថ្មី ភាគច្រើនជាឥស្សរជនវ័យក្មេង ដែលបានទទួលការបណ្តុះបណ្តាលថ្នាក់ ខ្ពស់ ហ្វឹកហាត់ការងារត្រឹមត្រូវ និងប្រកបទៅដោយមនសិការស្នេហាជាតិដ៏ ជ្រាលជ្រៅ។ ថ្ងៃនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលកាន់ តំណែងជារដ្ឋមន្ត្រីដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាក្រសួងប្រកបដោយកិត្យានុភាព ព្រមជាមួយការប្រឈមជាយុទ្ធសាស្ត្រ ដ៏ពិបាក និងស្មុគ្រស្មាញ។

ឯកឧត្តមបានបន្តថា ពិធីផ្ទេរតំណែងថ្ងៃនេះ ត្រូវបានរំពឹង និងប្រុងប្រៀបទុកជាមុនច្រើនខែមកហើយ ដោយសារតែការផ្លាស់ប្តូរអំណាចថ្នាក់កំពូលត្រូវបានគិតគូរ រៀបចំផ្គូរផ្គងយ៉ាងហ្មត់ចត់យូរក្រែលដែរ។ ប្រមាណជា ១៥ឆ្នាំមុន មិត្តដ៏ជិតស្និទ្ធ របស់ខ្ញុំម្នាក់បានពោលប្រាប់ ពេលដែលឪពុកជាទីស្រលាញ់របស់គាត់ បានចាកផុតទៅ ក្រោយមានជម្ងឺជាយូរមកហើយ ថា៖ «ខ្ញុំបានត្រៀមចិត្តយូរហើយ ប៉ុន្តែលុះពេលវេលាមកដល់ … ខ្ញុំពិបាកធ្វើអារម្មណ៍ឲ្យស្ងប់ ណាស់!»។ ថ្ងៃនេះ យើងមិនមានបាត់បង់នរណាទេ ប៉ុន្តែខ្ញុំក៏ត្រូវទទួល ស្គាល់ដែរថា ដូចក្នុងករណីរបស់មិត្តខ្ញុំដែរ នេះជាពេលវេលាដ៏រំជួលចិត្ត បំផុតមួយសម្រាប់ខ្ញុំផ្ទាល់ ក្នុងរយៈពេលជាង ៤៤ឆ្នាំ ដែលខ្ញុំធ្វើការជូនរដ្ឋ និងក្រោយ ៧ឆ្នាំ ជារដ្ឋមន្ត្រីការបរទេស។

ឯកឧត្តម ប្រាក់ សុខុន បានបន្ថែមទៀតថា «វាជាច្បាប់ធម្មជាតិដែលអ្វីៗតែងតែមានការចាប់ផ្តើម និងការបញ្ចប់ទៅវិញ។ ជាកិត្តិយសខ្ពង់ខ្ពស់ណាស់ដែល សម្តេចតេជោ ហ៊ុន សែន បានប្រគល់ឲ្យខ្លួនខ្ញុំនូវបេសកកម្មដ៏ថ្លៃថ្នូរបំផុត ក្នុងការការពារផល ប្រយោជន៍ជាតិ និងប្រជាជនយើង លើសមរភូមិការទូតនានានៅក្នុងតំបន់ និងពិភពលោក។ តបទៅនឹងសេចក្តីទុកចិត្តដ៏ឧត្ដុង្គឧត្តមរបស់សម្តេចតជោ ខ្ញុំបានបម្រើ និងបំពេញបេសកកម្មនេះ ដោយស្វាមីភក្ដិបំផុតចំពោះជាតិ ដោយសេចក្ដីថ្លៃថ្នូររបស់ខ្លួនឯងផង ការពារសេចក្ដីថ្លៃថ្នូររបស់ជាតិផង និងដោយប្រកាន់នូវវិជ្ជាជីវៈខ្ពស់បំផុត ដែលខ្ញុំអាចធ្វើទៅបាន»៕

អត្ថបទ៖ អក្ខរា