រដ្ឋបាលជលផល នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ ប្រកាសពីការប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណជាពីរសប្តាហ៍ នៅវេលាម៉ោងប្រមាណជា១០:៣០នាទីព្រឹក នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំនុចដើមក្តុល ក្នុងភូមិសាស្ត្រភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។
ការប្រទះឃើញនេះ ត្រូវបានរាយការណ៍ដោយអ្នកបើកទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្នុងពេលកំពុងជូនភ្ញៀវទេសចរមើលសត្វផ្សោត។ ភ្លាមៗបន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ មន្ត្រីប៉ូលីសទេសចរណ៍ប្រចាំនៅរម្មណីយដ្ឋានអន្លង់ផ្សោតកាំពី និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ បានចុះទៅពិនិត្យ និងស្វែងរកកូនសត្វផ្សោតនោះ ហើយក៏បានប្រទះឃើញកូនផ្សោតនោះ ហែលលេងនៅក្នុងក្រុមហ្វូងផ្សោតធំប្រមាណជាប្រាំពីរក្បាល។
គួរបញ្ជាក់ថា កូនផ្សោតនេះជាកូនផ្សោតទីប្រាំមួយហើយដែលបានកត់ត្រាក្នុងឆ្នាំ២០២៣ ចាប់ពី ខែមករា ដល់ខែសីហានេះ។ សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ដែលនេះជាចំណាត់ថ្នាក់នៃប្រភេទគំរាមកំហែងខ្ពស់បំផុតជាសកលសម្រាប់ប្រភេទសត្វជិតផុតពូជ៕
អត្ថបទ៖ អក្ខរា