រដ្ឋមន្ត្រីថ្មីក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា បានប្តេជ្ញាយកចំណេះដឹង ជំនាញ និងបទពិសោធន៍ បន្តអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានវឌ្ឍនភាពរីកចម្រើនបន្ថែមទៀត។
សាររបស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែសីហានេះថា “ក្នុងនាមជារដ្ឋមន្ត្រីបន្តវេនមួយរូប ខ្ញុំសូមប្តេជ្ញាយកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ ដែលបានរៀនសូត្រ និងចូលរួមអនុវត្តពីថ្នាក់ដឹកនាំជារៀមច្បង អស់រយៈពេលជាង ៧ឆ្នាំ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន មកប្រើប្រាស់ឱ្យអស់ពីសមត្ថភាព និងកម្លាំងកាយចិត្ត ដើម្បីបន្តអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែមានវឌ្ឍនភាពរីកចម្រើនបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានផ្ដោតលើគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍចំនួន ៥ចំណុច រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា”។
ឯកឧត្តម សង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការក្រសួង នឹងខិតខំយកអស់កម្លាំងកាយចិត្ត និងសមត្ថភាព ចូលរួមអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងនីតិកាលទី៧ ប្រកបដោយឆន្ទៈមោះមុត ភាពបុរេសកម្ម និងអន្តរសកម្ម ដើម្បីសហការគ្នាជាធ្លុងមួយសម្រចឱ្យបាននូវសមិទ្ធផលការងារថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ជូនរាជរដ្ឋាភិបាល និងជាប្រយោជន៍ដល់សាធារណជនជារួម។
គួរឲ្យដឹងថា ឯកឧត្តម ប៉េង ពោធិ៍នា ជាកូនប្រុសរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងឯកឧត្តម ប៉េង ប៉ាត់ អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈកម្មការមហាផ្ទៃការពារជាតិទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ចនិងមុខងារសាធារណៈ។
មុនទទួលបានតំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការ អាណត្តិទី៧ នេះ ឯកឧត្តម ប៉េង ពោធិ៍នា ធ្លាប់កាន់តួនាទីជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ហើយក៏ជាប្រធានផ្នែកព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលផងដែរ៕
អត្ថបទ៖ អក្ខរា