ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ ឯកឧត្តម Srettha Thavisin បានទូរស័ព្ទអបអរសាទរគ្នាទៅវិញទៅមក បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃទី២២ ខែសីហានេះ។ នាយករដ្ឋមន្រ្តីថ្មីទាំងពីរ បានប្តេជ្ញាចិត្តពង្រឹងមិត្តភាព និងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងពីរឲ្យរីកចម្រើនបន្ថែមទៀត។ នេះបើតាមការឲ្យដឹងលើផេកហ្វេសប៊ុកផ្លូវការឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅយប់នេះ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាកម្ពុជា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ ស្របពេលជាមួយនេះ នៅរសៀលថ្ងៃដដែល សភាថៃបានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃផងដែរ។
ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងផេកហ្វេសប៊ុកថា៖ថ្ងៃនេះជាការគាប់ជួនខ្លាំងណាស់ ដោយប្រទេសពីរ កាន់របបរាជានិយមដូចគ្នានៅជិតខាងគ្នា (កម្ពុជា និងថៃ) ទទួលបាននាយករដ្ឋមន្រ្តីថ្មីក្នុងថ្ងៃតែមួយ។ បើទោះបីខ្ញុំឈប់ធ្វើជានាយករដ្ឋមន្រ្តីកម្ពុជាចាប់ពីថ្ងៃនេះតទៅក៏ដោយ ខ្ញុំសូមផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តម Srettha Thavisin ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសរើសជា នាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសថៃ។
សម្តេចតេជោសង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ នឹងធ្វើទំនាក់ទំនងជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរឲ្យរីកចម្រើនទ្វេដងបន្ថែមទៀត៕
អត្ថបទ៖ អក្ខរា