សម្ដេចតេជោ ហ៊ុន សែន មានបំណងប្រាថ្នាចង់ឃើញអ្នកបន្តវេនធ្វើឱ្យសម្រេចបាននូវកិច្ចការសំខាន់ពីរយ៉ាង គឺ ១. បន្តថែរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ និង២. សម្រេចឱ្យបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្លាយទៅជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់ ហើយអត្រានៃភាពក្រីក្រត្រូវកាត់បន្ថយឱ្យដល់សូន្យ។ សម្តេចតេជោ បានលើកឡើងបែបនេះ ក្នុងសន្និសីទកាសែត ក្រោយសម្តេចចាកចេញពីតួនាទីនាយករដ្ឋមន្រ្តី ចាប់ពីថ្ងៃទី២២ សីហានេះ ដែលជំនួសដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។
សូមជម្រាបថា បើគិតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃដែលសម្តេចតេជោ ចាកចេញពីដំណែងតាមផ្លូវច្បាប់ និងគិតពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ជាថ្ងៃដែលសភាបោះឆ្នោតផ្តល់ការទុកចិត្ត សម្តេចជានាយករដ្ឋមន្ត្រីផ្លូវការ សម្តេចតេជោបានកាន់ដំណែងជានាយករដ្ឋមន្ត្រីចំនួន៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ ត្រូវជា៤៦៣ខែ ២០១៤សប្តាហ៍ និងចំនួន ១៤ ០៩៩ថ្ងៃ។ ប្រសិនបើគិតពីការងារក្នុងរដ្ឋាភិបាល ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក្នុងមុខតំណែងជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី ជានាយករដ្ឋមន្ត្រីស្តីទី និងជានាយករដ្ឋមន្ត្រីត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោធ្វើការបាន៤៤ឆ្នាំ ៧ខែ ១៤ថ្ងៃត្រូវជា ៥៣៥ខែ ២ ៣២៨សប្តាហ៍ និង ១៦ ២៩៧ថ្ងៃ៕
អត្ថបទ៖ អក្ខរា