កម្មវិធីគោលនយោបាយជាអាទិភាពទាំង ៦ ដែលនឹងត្រូវបានដាក់ឱ្យចាប់ផ្តើមអនុវត្តភ្លាមនៅក្នុងឆ្នាំ២០២៣ នេះ រួមមាន ៖ (១). ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល; (២). ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស; (៣). ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន; (៤). ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យ មានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ; (៥). ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ; និង(៦). ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។
នេះជាការឲ្យដឹងក្នុងសុន្ទរកថាទាំងស្រុងរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១ រដ្ឋសភា នីតិកាលទី៧ នៃថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា