តំណាងរាស្ត្រសច្ចាថា មិនកេងប្រវ័ញ្ចនូវផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ បក្សពួក…

តំណាងរាស្ត្រជាប់ឆ្នោតទាំង ១២៥រូប នៃរដ្ឋសភា នីតិកាលទី៧ នៅរសៀលថ្ងៃទី២១ សីហា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមធ្វើពិធីសច្ចាប្រណិធាននៅមុខព្រះភក្ត្រព្រះមហាក្សត្រ ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។ ពិធីនេះ ក៏នឹងមានការយាងចូលរួមពីសំណាកសម្តេចព្រះសង្ឃរាជទាំងពីរ គណៈរួមមាន៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីសច្ចាប្រណិធាន តំណាងរាស្ត្រទាំងអស់ ត្រូវអានតាមសម្តេចព្រះសង្ឃរាជ មុននឹងផឹកទឹកពិភទ្ធសច្ចាដោយពោលថា៖ ទូលព្រះបង្គំ យើងខ្ញុំ ប្រធាន អនុប្រធាន និងសមាជិករដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា សូមធ្វើសច្ចាប្រណិធាននៅចំពោះព្រះភ័ក្ត្រ ព្រះមហាក្សត្រ ព្រះភ័ក្ត្រ នៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ ដូចតទៅ៖ ក្នុងពេលប្រតិបត្តិការ តាមមុខតំណែងខ្លួន និងក្នុងការបំពេញបេសកកម្ម ដែល ប្រជារាស្ត្រកម្ពុជា បានប្រគល់ជូនចំពោះទូលព្រះបង្គំ យើងខ្ញុំគ្រប់រូប ទូលព្រះបង្គំ យើងខ្ញុំ សូមប្ដេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនា គត នូវផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និង មាតុភូមិកម្ពុជា។ ទូលព្រះបង្គំ យើងខ្ញុំ សូមសច្ចាថា មិនកេងប្រវ័ញ្ចនូវផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬ សម្រាប់ គ្រួសារ ឬ សម្រាប់ បក្សពួក ឬ សម្រាប់ភាគីរៀងៗខ្លួនឡើយ។

នៅមានចំណុចជាច្រើនទៀត ដែលតំណាងរាស្ត្រជាប់ឆ្នោតទាំង ១២៥រូប បានប្ដេជ្ញាប្ដូរផ្ដាច់ ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ចទាំង ក្នុង បច្ចុប្បន្ន ទាំងក្នុងអនាគត នៅមុខព្រះភក្ត្រព្រះមហាក្សត្រ។

ពិធីសច្ចាប្រណិធាននេះ បានបង្ហាញឱ្យឃើញនូវការតាំងចិត្តប្តេជ្ញាដ៏មុតមាំមួយ ទៀតរបស់តំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ក្នុងការប្រតិបត្តិតួនាទីភារកិច្ចរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន៕

អត្ថបទ៖ អក្ខរា